៣ខែដំបូងឆ្នាំនេះ! កម្ពុជា រកចំណូលបាន ១១៦លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ

រយៈពេល៣ខែ ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ១១៦លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែមីនា ឆ្នាំ២០២៥ មានចំនួន១១៤ ៩៣៥ ៧៦២ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន ១ ៣២៨ ៣២០ដុល្លារ។

គិតត្រឹមខែមីនា ឆ្នាំ២០២៥ ជ័រកៅស៊ូមានតម្លៃ ១,៩២៣ដុល្លារ ក្នុង១តោន កើនឡើងចំនួន៤៧៤ដុល្លារ ក្នុង១តោន ស្មើនឹង៣២.៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមីនា ឆ្នាំ២០២៥ មានតម្លៃ ២៣០ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៩៥ ១៨៤ហិកតា ស្មើនឹង២២%។

ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។

ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជារកចំណូលបាន ពីការនាំចេញជ័រកៅស៊ូ គិតត្រឹមឆ្នាំ២០២៤ មានចំនួន ៦៦៦ ២៥៦ ៧៩៩ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៥ ៤២២ ៣៧៧ដុល្លារ៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close