ធ្លាក់ឧទ្ធម្ភាគចក្រចូលទន្លេ ស្លាប់មនុស្ស ៦នាក់ នៅសហរដ្ឋអាមេរិក

ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាឧទ្ធម្ភាគចក្រដឹកភ្ញៀវទេសចរណ៍មួយគ្រឿង បានធ្លាក់ចូលទន្លេ Hudson River នៃទីក្រុង New York កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ដោយបណ្ដាលឱ្យមនុស្សទាំងអស់ ៦នាក់ជិះនៅលើនោះ ក្នុងនោះរួមមានគ្រួសារជនជាតិអេស្ប៉ាញមួយមានកូន៣នាក់ និងពីឡុតម្នាក់បានស្លាប់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមកាសែតអាមេរិក New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោក Agustin Escobar ជានាយកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុន Siemens មានមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ បានស្ថិតនៅក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត។ ប៉ុន្តែ ខាងឆ្មាំសមុទ្រអាមេរិកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាខ្លួនមិនទាន់កំណត់បានអត្តសញ្ញាណ និងឈ្មោះ របស់ជនរងគ្រោះនៅឡើយទេ ហើយក្រុមហ៊ុន Siemens ក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនោះដែរ។

ឧទ្ធម្ភាគចក្រ Bell 206 ត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុនទេសចរណ៍ New York Helicopter Tours។ ឧទ្ធម្ភាគចក្រនេះចេញដំណើរហោះហើរនៅម៉ោងប្រហែល ៣រសៀល កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក) ដើម្បីដឹកភ្ញៀវទេសចរកម្សាន្ត ដោយហោះពីលើទន្លេ Hudson។ តែនៅពេលហោះទៅដល់ស្ពាន George Washington ឧទ្ធម្ភាគចក្រនេះស្រាប់តែដាំក្បាលធ្លាក់ចូលក្នុងទន្លេ និងលិចបាត់ តែម្ដងនៅប៉ុន្មាននាទីក្រោយ។ ក្រុមអ្នកជួយសង្រ្គោះបានទាញយកជនរងគ្រោះចេញពីទឹក ក្នុងនោះមានមនុស្ស៤នាក់បានស្លាប់នៅកន្លែងកើតហេតុ រីឯ២នាក់ទៀតបានស្លាប់នៅក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ភ្លាមៗមូលហេតុធ្លាក់នៅមិនទាន់ ត្រូវបានបញ្ជាក់ទេ ខណៈអាជ្ញាធរអាមេរិកកំពុងបើកការស៊ើបអង្កេត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close