ប្រាសាទព្រះវិហារ ជាតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិ
ប្រវត្តិសាស្រ្តដ៏មានសក្តានុពលដែលភ្ញៀវទេសចរជាតិ-អន្តរជាតិ មិនគួរមើលរំលងក្នុងរដូវកាលបៃតង (Green Season)
នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំក្រសួង តំណាងអាជ្ញាធរជាតិព្រះវិហារ និងមន្ទីរទេសចរណ៍ខេត្តព្រះវិហារ អញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីជំរុញ និងផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតងឱ្យបានទូលំទូលាយ សំដៅចូលរួមចំណែកជំរុញកំណើនចរន្តភ្ញៀវទេសចរក្នុងស្រុកឱ្យកើនឡើងបន្ថែមទៀត។
សូមជម្រាបជូនថា ប្រាសាទព្រះវិហារជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណុចពិសេសនៃប្រាសាទនេះ គឺលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ដោយបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ភាគខាងជើងនៃប្រទេសកម្ពុជា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ“សិខរិស្វរ និងភទ្រស្វរ” និងត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងកេប៊ិច ប្រទេសកាណាដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។