SpaceX នឹងសាកល្បងបាញ់បង្ហោះយាន Starship ជាលើកទី៩
SpaceX កំពុងរៀបចំសាកល្បងបាញ់បង្ហោះគ្រាប់រ៉ុក្កែតយក្ស Starship ជាលើកទី៩ នៅដើមសប្តាហ៍ក្រោយ នេះបើតាមការអះអាងរបស់លោក Elon Musk ស្ថាបនិក SpaceX។
មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិករូបនេះ បានបង្ហោះសារលើបណ្តាញសង្គមថា មុនយាន Starship ធ្វើតេស្តហោះហើរសប្តាហ៍ក្រោយ ខ្ញុំនឹងធ្វើកិច្ចពិភាក្សាក្នុងក្រុមហ៊ុន ជុំវិញផែនការនៅភពអង្គារ នៅឯទីស្នាក់ការ Starbase រដ្ឋតិចសាស់ ដែលនឹងត្រូវផ្សាយបន្តផ្ទាល់នៅលើវេទិកា X។

យាន Starship ត្រូវបានបាញ់បង្ហោះលើកចុងក្រោយ កាលពីថ្ងៃទី៦ ខែមីនា ហើយនេះជាការហោះហើរសាកល្បងលើកទី ៨ តែគួរឲ្យសោកស្តាយ ក្នុងអំឡុងពេលនោះ SpaceX បានដាច់ទំនាក់ទំនងជាមួយយានអវកាសភ្លាមៗ បន្ទាប់ពីការបាញ់បង្ហោះ។
យានអវកាស Starship និងរ៉ុក្កែត Super Heavy របស់ក្រុមហ៊ុន SpaceX ដែលហៅថា Starship គឺតំណាងឱ្យប្រព័ន្ធដឹកជញ្ជូនដែលអាចប្រើឡើងវិញបានពេញលេញ ដែលត្រូវបានរចនាឡើងដើម្បីដឹកទាំងនាវិក និងទំនិញទៅកាន់គន្លងផែនដី រួមមានទាំងភពព្រះចន្ទ ភពអង្គារ និងលើសពីភពទាំងនេះ។
យាន Starship នឹងដើរតួយ៉ាងសំខាន់នៅក្នុង អង្គការ NASA ហើយវាគឺជាយានដែល NASA បានជ្រើសរើស ដើម្បីដឹកអវកាសយានិកធ្វើដំណើរទៅកាន់ភពព្រះចន្ទ ក្នុងអំឡុងបេសកកម្ម Artemis III ដែលបច្ចុប្បន្នត្រៀមទុកសម្រាប់ឆ្នាំ ២០២៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។