មនុស្សជិត ៥ម៉ឺននាក់ រងផលប៉ះពាល់ដោយសារទឹកជំនន់ នៅអូស្ត្រាលី

ទឹកជំនន់ដ៏អាក្រក់បង្កឡើងពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនអូស្ត្រាលីជិត ៥០.០០០នាក់ នៅក្នុងរដ្ឋ New South Wales។

តំបន់ឆ្នេរភាគខាងជើង និងតំបន់ជុំវិញនោះ បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងរយៈពេលបួនថ្ងៃជាប់ៗគ្នា បង្កជាគ្រោះទឹកជំនន់រហូតបំបែកកំណត់ត្រា។

ជាការឆ្លើយតប អាជ្ញាធររដ្ឋនេះ បានចេញការព្រមានអំពីទឹកជំនន់ចំនួន ១០៩លើក និងបានបញ្ជាឱ្យមានការជម្លៀសមនុស្សនៅទូទាំងតំបន់ដែលរងផលប៉ះពាល់ និងបានបើកមជ្ឈមណ្ឌលចាំទទួលជនភៀសខ្លួន។

បើតាមសេវាសង្គ្រោះបន្ទាន់ មនុស្សជាង ៤៨.៨០០នាក់ និងលំនៅដ្ឋានចំនួន ២៣.២០០កន្លែង បានរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងតំបន់ Mid North Coast មានចម្ងាយជាង ២០០គីឡូម៉ែត្រភាគឦសាននៃទីក្រុងស៊ីដនី។

ទន្ទឹមគ្នានេះ ក្រុមសេវាសង្គ្រោះបន្ទាន់បានចេញប្រតិបត្តិការជួយសង្គ្រោះទឹកជំនន់ជាង ៤០០លើក ក្នុងនោះមានទាំងឧទ្ធម្ភាគចក្រ និងទូក ត្រូវបានដាក់ពង្រាយដើម្បីជួយមនុស្សដែលជាប់គាំង ខណៈកងកម្លាំងការពារអូស្ត្រាលី (ADF) ក៏ជួយជម្លៀសមនុស្សតាមផ្លូវអាកាសផងដែរ។

ទោះបីជាយ៉ាងណា អ្នកឧតុនិយមអូស្ត្រាលីបានព្រមានថា ទឹកជំនន់ដ៏អាក្រក់បំផុតមិនទាន់មកដល់សម្រាប់តំបន់ជាច្រើនផ្សេងទៀតនៅឡើយទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close