កម្ពុជា និងចិន ធ្វើសមយុទ្ធលើផ្ទៃសមុទ្រ ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំង ពីក្រុមភេរវករចាប់ជម្រិតនាវាដឹកទំនិញ»
មន្ត្រីកងទព័ជើងទឹកកម្ពុជាឲ្យដឹងថា សមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជម្រិតនាវាដឹកទំនិញ» ធ្វើឡើងនៅខេត្តព្រះសីហនុ ត្រូវបានរៀបចំពិធីបិទនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ប្រកបដោយភាពជោគជ័យ និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកង័ពកម្ពុជា-ចិន។
ពិធីបិទសមយុទ្ធលើលំហសមយុទ្ធប្រព្រឹត្តទៅ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការីនាយសេនាធិការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។ តាមសេចក្តីរាយការណ៍របស់ប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធបានឱ្យដឹងថា សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ការបង្កើនសមត្ថភាពលើប្រតិបត្តិការប្រើប្រាស់កម្លាំងមធ្យោបាយកងទ័ពជើងទឹកដើម្បីទប់ទល់និងបញ្ហាប្រឈមនានា រួមចំណែកក្នុងការថែរក្សាស្ថិរភាព និងការពារសន្តិភាពក្នុងតំបន់។
សមយុទ្ធនាគមាសកងទ័ពជើងទឹកលើកទី២ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពចិន ធ្វើឡើងក្នុងរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីរកងទ័ពជើងទឹកកម្ពុជា-ចិន សរុប ៦៧៧ នាក់ ក្នុងនោះសមយុទ្ធជើងទឹកកងទ័ពប្រទេសទាំងពីរបានប្រើប្រាស់នាវាចំនួន១០ គ្រឿង កម្ពុជាមាននាវាចូលរួមចំនួន ៧គ្រឿង ឧទ្ធម្ភាគចក្រ១គ្រឿង, កងទ័ពចិនមាននាវាចំនួន ៣គ្រឿង និងឧទ្ធម្ភាគចក្រ ១គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជម្រិតលើនាវាដឹកទំនិញ។ សមយុទ្ធជើងទឹកនេះ ធ្វើឡើងនៅតំបន់ច្រកចន្លោះកោះតាង និងកោះរុងសន្លឹម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយចេញដំណើរពីកំពង់ផែមូលដ្ឋានកងទ័ពរាម ក្នុងចលនារូបភាពបំលាស់ទីមួយជួរបណ្តោយ ដើម្បីអនុវត្តយុទ្ធវិធីប្រតិបត្តិការទៅកាន់គោលដៅ។
សូមបញ្ជាក់ថា ឆ្នាំ២០២៥ ជាឆ្នាំទី២ ដែលកងទ័ពជើងទឹកកម្ពុជានិងចិនបានធ្វើសមយុទ្ធនាគមាសនេះឡើង ហើយឆ្នាំ២០២៥នេះ ក៏ជាឆ្នាំដែលធ្វើសមយុទ្ធនាគមាសលើកទី៧ រួមគ្នា រវាងកងទ័ពកម្ពុជានិងចិន មានកងទ័ពចូលរួមសរុបជាង ២,០០០ នាក់ អមដោយនាវាចម្បាំងមួយចំនួន និងសម្ភារៈយោធាជាច្រើនទៀត បានចូលរួមធ្វើសមយុទ្ធនាគមាស ក្រោមប្រធានបទ “ប្រតិបត្តិការរួមគ្នាប្រឆាំងភេរវកម្មនិងការងារសង្គ្រោះមនុស្សធម៌” ។ ជាការកត់សម្គាល់ ការធ្វើសមយុទ្ធនាគមាសលើកទី៧ រវាងកងយោធពលខេមរៈភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិន គឺមានទំហំធំជាងបណ្ដាឆ្នាំមុនៗ ធំជាងដោយសារមានការកើតឡើងនៃចំនួនកងទ័ពចូលរួម ព្រមទាំងពង្រីកកម្រិតធ្វើសមយុទ្ធលើផ្ទៃទឹកបន្ថែមទៀត ក្នុងនោះភាគីចិនបានប្រើប្រាស់នាវាបុកឡើងគោកប្រភេទ ០៧១, នាវាចម្បាំងប្រភេទ ០៥៦អា និងឧទ្ធម្ភាគចក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។