អគារអាយុកាលជាង ១០០ឆ្នាំ នៃប្រាសាទបាយ័ន គ្រោងនឹងបើកអោយប្រើប្រាស់ឡើងវិញ
អាជ្ញាធរជាតិអប្សរា បានជួសជុលអគារដែលមានអាយុកាលជាង១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យ នៃប្រាសាទបាយ័ន ឱ្យមានសោភ័ណភាពឡើងវិញ ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មី ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នៅពេលឆាប់ៗ។
ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំងនោះ មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។ ដោយអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មីដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខវត្តព្រះឥន្ទកោសីយរហូតដល់សព្វថ្ងៃ។
ឯកឧត្តម ឡុង កុសល បញ្ជាក់ទៀតថា ការប្រើប្រាស់អគារអភិរក្សទី១ឡើងវិញ គឺចង់ឱ្យកូនខ្មែរជំនាន់ក្រោយ និងភ្ញៀវទេសចរទាំងឡាយ បានយល់ដឹងពីប្រវត្តិសាស្ត្រ និងដំណើរនៃការជួសជុលអង្គរ កាលពីសម័យមុន តើប្រព្រឹត្តទៅយ៉ាងណា? ហើយតើគេប្រើប្រាស់ឧបករណ៍អ្វីខ្លះ? និងប្រើប្រាស់បច្ចេកទេសបែបណា?។ ម៉្យាងទៀត អគារនេះក៏នឹងត្រូវបានរៀបចំជាកន្លែងប្រគល់សម្ភារ ឬរបស់របរផ្សេងៗដែលភ្ញៀវទេសចរជ្រុះ ឬភ្លេចនៅតាមប្រាសាទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។