អាជ្ញាធរជាតិអប្សរា ធ្វើសម្រង់ប្លង់បង្កាន់ដៃនាគជុំវិញប្រាសាទអង្គរវត្ត

ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា ធ្វើការងារសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត ដើម្បីសិក្សានូវចំណុចហានិភ័យនៃរចនាសម្ពន្ធបង្កាន់ដៃនាគ មុននឹងឈានទៅដល់ការជួសជុលឱ្យរឹងមាំឡើងវិញ។

លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្ម ឱ្យដឹងថា ការធ្វើសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១នេះ មានប្រវែងសរុប៩៥០ម៉ែត្រ។ ការបំពេញការងាររយៈពេល១២ខែមកនេះ សម្រេចលទ្ធផលបានប្រវែងជាង៤៥០ម៉ែត្រ។ កិច្ចការសម្រង់ប្លង់នេះ មានសារសំខាន់ដើម្បីសិក្សាពីស្ថានភាពហានិភ័យនៃរចនាសម្ពន្ធសំណង់បង្កាន់ដៃនាគ ចំណុចដែលមានហានិភ័យខ្ពស់ ចំណុចធ្លាប់ជួសជុលសម័យមុនជាដើម។

ជាលទ្ធផលនៃការសិក្សាឃើញថា បង្កាន់ដៃនាគ និងខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត មានចំណុចមួយចំនួនទទួលរងនូវហានិភ័យខ្ពស់ ដោយថ្មបង្កាន់ដៃនាគមិនមានលំនឹង និងខឿនស្រុតជាដើម។ ដោយសារតែកត្តាអាយុកាលនៃសំណង់ កត្តាធម្មជាតិ ទឹកហូរច្រោះ និងសត្វល្អិតជាដើម។

បន្ទាប់ពីធ្វើសម្រង់ប្លង់រួចរាល់ អាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលពង្រឹងបង្កាន់ដៃនាគនេះទៅតាមដំណាក់កាលជាបន្តទៀត។ អ្នកជំនាញរូបនេះ បញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២២-២០២៣ អាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងបង្កាន់ដៃនាគ និងខឿនជណ្ដើរ នៅទិសខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានជោគជ័យរួចមកហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close