ក្រសួងទេសចរណ៍ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្លឹបគុន Emei-Legend ដ៏ធំពីខេត្តស៊ីឈាន់ សហការរួមគ្នាអភិវឌ្ឍន៍ទេសចរណ៍កីឡានៅកម្ពុជា
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Mei Jiaxiang ស្ថាបនិកស្ថាប័នក្បាច់គុន Emei-Legend នៃខេត្តស៊ីឈាន់ សាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយស្នើសុំកិច្ចគាំទ្រលើគម្រោងសហប្រតិបត្តិការបង្កើតព្រឹត្តិការណ៍កីឡាប្រដាល់ធំៗ និងជាលក្ខណៈអន្តរជាតិ ដោយផ្សារភ្ជាប់នឹងទេសចរណ៍របស់ស្ថាប័នកីឡាប្រដាល់ទាំងពីរនៅប្រទេសកម្ពុជា និងប្រទេសចិន នាទីស្តីការក្រសួងទេសចរណ៍។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ស្ថាប័នទាំងពីរដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា តាមរយៈការផ្សារភា្ជប់កីឡាប្រដាល់ដែលជាមត៌កសម្រាប់ការពារខ្លួន និងបូរណភាពជាតិ ក៏ជាផ្នែកមួយនៃវប្បធម៌ អរិយធម៌ និងប្រពៃណីដ៏យូរលង់របស់ប្រទេសទាំងពីរ ដែលជួយផ្សព្វផ្សាយពីគុនខ្មែរ-ល្បុក្កតោដល់ប្រជាជនចិន និងពិភពលោក ក៏ដូចជានាំពិភពលោកមកកាន់ប្រទេសកម្ពុជាតាមរយៈគុនខ្មែរ-ល្បុក្កតោផងដែរ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។