ឆមាសទី១! កម្ពុជា អនុម័នគម្រោងវិនិយោគ ​៣៧៣គម្រោង ក្នុងទុនវិនិយោគសរុប ៥.៨ប៊ីលានដុល្លារ កើន៧៧%

គម្រោងវិនិយោគចំនួន៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥.៨ប៊ីលានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងឆមាសទី១ ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី០៧​ ខែកក្កដា ឆ្នាំ២០២៥នេះ។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា គម្រោងវិនិយោគទាំង៣៧៣ គម្រោងនេះ អាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៥៧គម្រោង។

ជារួមក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការ កើនឡើងចំនួន ១៨៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២.៥ប៊ីលានដុល្លារ ស្មើនឹងប្រមាណ៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close