WHO ស្នើឲ្យមានប្រទេសនានា ទទួលព្យាបាលអ្នកជំងឺ នៅហ្គាហ្សា

អង្គការសុខភាពពិភពលោក ហៅកាត់ WHO កាលពីថ្ងៃពុធ បានអំពាវនាវឱ្យប្រទេសជាច្រើនទៀត ទទួលយកនិងព្យាបាល អ្នកជំងឺ មានប្រភពចេញពីតំបន់ ហ្គាហ្សា ស្ទ្រីប ពោលគឺ បន្ទាប់ពីមានការជម្លៀស ក្រុមកុមារភាគច្រើន ឲ្យទៅទទួលការព្យាបាល នៅប្រទេស ហ្ស៊កដានី។

លោក Tedros Adhanom Ghebreyesus ប្រធានទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិ មួយនេះ បាននិយាយ តាមរយៈបណ្តាញសង្គម X ថា «ថ្ងៃនេះ WHO បានដឹកនាំការជម្លៀសអ្នកជំងឺចំនួន ៣៥ នាក់ ដែលភាគច្រើន ជាកុមារ ពី Gaza ទៅកាន់ ហ្ស៊កដានី អមដោយសមាជិកគ្រួសារចំនួន ៧២ នាក់«។

ប្រភពបន្តថា «យើងមានអំណរគុណ ចំពោះរដ្ឋាភិបាលហ្សកដានី សម្រាប់ការបន្តគាំទ្រ និងសម្រាប់ការផ្តល់ការថែទាំពិសេស ដល់អ្នកជំងឺធ្ងន់ធ្ងរ…មនុស្សជាង១ម៉ឺននាក់ក្នុងតំបន់ហ្គាហ្សា នៅតែត្រូវការ ការជម្លៀសផ្នែកវេជ្ជសាស្រ្ត។ យើងជំរុញឱ្យប្រទេសជាច្រើនទៀត បោះជំហានទៅមុខ ដើម្បីទទួលយកអ្នកជំងឺសម្រាប់ការជម្លៀសផ្នែកវេជ្ជសាស្រ្ត …ជីវិតពឹងផ្អែកលើការជួយនេះហើយ …មានការរង់ចាំ ជាច្រើនទៀត»។

WHO បានអះអាងថា «ក្នុងអត្រាបច្ចុប្បន្ន នឹងចំណាយពេលជាច្រើនឆ្នាំ ដើម្បីជម្លៀសអ្នកជំងឺ Gaza ទាំងអស់ ដែលត្រូវការ ការព្យាបាល។ ប្រភពបញ្ជាក់ទៀតថា នៅតំបន់ហ្គាហ្សា ការវាយប្រហារតាមអាកាស និងកង្វះការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត អាហារ ទឹក និងប្រេងឥន្ធនៈបាន “បំផ្លាញ” ប្រព័ន្ធសុខភាពដោយមន្ទីរពេទ្យជាច្រើនបិទដំណើរការ ហើយកន្លែងផ្សេងទៀត ស្ទើរតែមិនដំណើរការ»។

គួររម្លឹកថា សង្រ្គាមនៅតំបន់ហ្គាហ្សា ត្រូវបានបញ្ឆេះឡើង ដោយការវាយប្រហារ របស់ក្រុមហាម៉ាស លើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបណ្តាលឱ្យមនុស្សចំនួន ១,២១៩នាក់បានស្លាប់ ដែលភាគច្រើន ជាជនស៊ីវិល នេះបើយោងតាមការបូកសរុប របស់ AFP ផ្អែកលើតួលេខផ្លូវការ។

យុទ្ធនាការសងសឹករបស់អ៊ីស្រាអែល នៅហ្គាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីន ចំនួន ៥៨.៥៧៣នាក់ ដែលភាគច្រើន ជាជនស៊ីវិល នេះបើតាមក្រសួងសុខាភិបាល នៅក្នុងទឹកដី ហ្គាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close