ព្យុះបក់បោកខ្លាំង ជំរុញឱ្យមានការព្រមានពីគ្រោះទឹកជំនន់ នៅភាគខាងត្បូងប្រទេសចិន

ព្យុះបានបក់បោកលើភាគខាងត្បូងប្រទេសចិន នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ដោយជំរុញឱ្យមានការព្រមានពីគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី មួយថ្ងៃបន្ទាប់ពីព្យុះទីហ្វុង Wipha វាយប្រហារលើទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ភ្លៀងធ្លាក់ខ្លាំងវាយប្រហារលើទីក្រុង Yangjiang, Zhanjiang និងទីក្រុង Maoming នៃខេត្ត Guangdong ស្ថិតនៅភាគខាងត្បូងប្រទេសចិន ក្រោយព្យុះទីហ្វុង Wipha បក់បោកលើទីក្រុងហុងកុងកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយនាំមកជាមួយខ្យល់បក់ខ្លាំងដែលបានធ្វើឱ្យដើមឈើជាច្រើនដួលរលំ ជើងហោះហើរ ត្រូវបានពន្យារពេល និងបង្ខំឱ្យមនុស្សជិត២៨០នាក់ ត្រូវស្នាក់នៅទីជម្រកបណ្ដោះអាសន្ន។

អាជ្ញាធរឧតុនិយមចិន បាននិយាយថាព្យុះទីហ្វុង Wipha បានថមថយឥទ្ធិពលក្លាយទៅជាព្យុះត្រូពិកមួយ ហើយនឹងរំកិលទៅកាន់តំបន់ឆ្នេរនៃខេត្ត Guangdong និងឆ្ពោះទៅកាន់វៀតណាម។ ភ្លៀងធ្លាក់ខ្លាំងវិញត្រូវបានព្យាករថានឹងធ្លាក់នៅតាមខេត្តជាប់តំបន់ឆ្នេររបស់ចិន ដូចជា Guangdong, Guangxi, Hainan និង Fujian រហូតដល់ព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយការព្រមានពីគ្រោះទឹកជំនន់ រអិលបាកដី និងខ្យល់បក់ខ្លាំងដែលអាចបង្កគ្រោះថ្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close