ស្លាប់៤នាក់ និងបាត់ខ្លួន ១០០នាក់ ក្នុងគ្រោះទឹកជំនន់ នៅឥណ្ឌា
គ្រោះទឹកជំនន់ភ្លាមៗដែលបាននាំមកជាមួយនូវល្បាប់ភក់ បានបុកទម្លុះចូលក្នុងទីក្រុងមួយស្ថិតនៅតំបន់ជួរភ្នំហិរមាល័យ (Himalayan) នៃប្រទេសឥណ្ឌា នៅថ្ងៃអង្គារ ទី៥ ខែសីហា ដោយសម្លាប់មនុស្សយ៉ាងហោច ៤នាក់ និងជាង១០០នាក់ផ្សេងទៀតបានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យទឹកហូរធ្លាក់ពីលើភ្នំ បានបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់ប្រជាជននៅក្នុងទីក្រុង Dharali នៃរដ្ឋ Uttarakhand។ អាជ្ញាធរឥណ្ឌាបានអះអាងថាទឹកជំនន់ មានសភាពធ្ងន់ធ្ងរ ខណៈមនុស្ស៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងជា១០០នាក់កំពុងបាត់ខ្លួន។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលឥណ្ឌាបានបញ្ជូនកងទ័ព ១៥០នាក់ ទៅកាន់ទីក្រុង Dharali ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក៏បានផ្ញើសាររំលែកទុក្ខដល់គ្រួសារសាច់ញាតិរបស់ ជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះទឹកជំនន់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។