នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ អាចមានការសម្រេចឲ្យមានវត្តមានយោធា ឃ្លាំមើលបទឈប់បាញ់កម្ពុជា-ថៃ

លោក Anwar នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន បានអះអាងថា នាពេលអនាគត អាចនឹងមានការសម្រេច ឲ្យមានវត្តមានយោធា នៅឃ្លាំមើលបទឈប់បាញ់ រវាងកម្ពុជា-ថៃ។

ទីភ្នាក់ងារព័ត៌មាន The Star បានចុះផ្សាយថា អំឡុងចូលរួមកិច្ចប្រជុំសភា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នេះ លោក Anwar Ibrahim បានមានប្រសាសន៍ថា ម៉ាឡេស៊ី ត្រៀមបញ្ជូនក្រុមត្រួតពិនិត្យ ទៅព្រំដែនកម្ពុជា-ថៃ ប្រសិនបើមានការស្នើសុំ ពីប្រទេសទាំងពីរ។ លោកបានបន្ថែមទៀតថា «ការសម្រេចចិត្ត» សុំឲ្យវត្តមានយោធា ទៅឃ្លាំមើល អាចនឹងត្រូវធ្វើឡើងដែរ នៅពេលក្រោយ ប៉ុន្តែ នៅពេលនេះ ស្ថានភាពតាមព្រំដែន ស្ថិតក្រោមការគ្រប់គ្រងបាន ហើយ បច្ចុប្បន្ន មានផ្កាយរណប ជួយក្នុងការត្រួតពិនិត្យ ជាមួយនឹងកិច្ចព្រមព្រៀងមួយ សម្របសម្រួល ដោយអនុព័ន្ធយោធា ម៉ាឡេស៊ី។

យ៉ាងណាមិញ ប្រភពមិនបានបញ្ជាក់ច្បាស់ ពីវត្តមានយោធាជំនាញ បែបណានោះទេ ប៉ុន្តែ បើតាមទីភ្នាក់ងារព័ត៌មាន Malay mail បានចុះផ្សាយបន្ថែម ដោយដកស្រង់សម្តី របស់លោក Anwar ដែរថា នាពេលអនាគត អាចមានវត្តមានកងកម្លាំងរក្សាសន្តិភាព នៅតាមព្រំដែន តែ ត្រឹមតំណាងមកពីប្រទេស សមាជិកអាស៊ាន ប៉ុណ្ណោះ។ លោកអះអាងថា «យើងចង់ជៀសវាង ការចូលរួមដោយផ្ទាល់ ពីប្រទេសមហាអំណាច ហើយ ការចរចាទាំងនេះត្រូវតែ ស្ថិតនៅតែ ជាគំនិតផ្តួចផ្តើម របស់អាស៊ាន»។

បើតាម The Star ដដែល លោក Anwar ក៏បានឆ្លើយតប នឹងសមាជិកសភាម៉ាឡេស៊ី ដែលចង់ឲ្យមានក្របខ័ណ្ឌសន្តិភាព តាមរយៈវេទិកាតំបន់អាស៊ាន ផងដែរ ដោយលោកអះអាងថា «វានៅតែលឿនពេក ក្នុងការសម្រេចចិត្ត ធ្វើបែបនេះ»។ លោក Anwar ក៏បាននិយាយផងដែរ ថា រហូតមកដល់ពេលនេះ ប្រទេសទាំងពីរ ស្នើសុំឱ្យម៉ាឡេស៊ី សម្របសម្រួលកិច្ចពិភាក្សា បន្ថែមទៀត កម្រិតមន្ត្រីជាន់ខ្ពស់ការពារជាតិ នៅទីក្រុង គូឡា ឡាំពួរ។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជានិងថៃ បានព្រមព្រៀង លើបទឈប់បាញ់គ្នា ដោយគ្មានលក្ខខណ្ឌ ភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំពិសេសមួយ នៅទីក្រុង Putrajaya ដែលដឹកនាំដោយ លោក នាយករដ្ឋមន្ត្រី Anwar ផ្ទាល់៕

ប្រភព៖ Apsara TV11

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close