Apple-Samsung ចាប់ដៃគ្នា ផលិតបន្ទះឈីប នៅរដ្ឋតិចសាស់

ក្រុមហ៊ុន Apple បានប្រកាសថា ក្រុមហ៊ុន Samsung Electronics នឹងផ្គត់ផ្គង់បន្ទះឈីបពី​រោងចក្ររបស់ខ្លួននៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក សម្រាប់ផលិតផលរបស់ Apple រួមទាំង iPhone ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Apple បានបញ្ជាក់ថា៖ «រោងចក្រនេះនឹងផ្គត់ផ្គង់បន្ទះឈីបដែលជួយបង្កើនប្រសិទ្ធភាពថាមពល និងដំណើរការនៃផលិតផល Apple រួមមានទាំងឧបករណ៍ iPhone»។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងជាផ្នែកមួយនៃការវិនិយោគបន្ថែម ១០០ ពាន់លានដុល្លាររបស់ Apple នៅសហរដ្ឋអាមេរិក ដែលនឹងនាំឱ្យការវិនិយោគសរុបរបស់ក្រុមហ៊ុននេះកើនឡើងដល់ ៦០០ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla ក៏ទើបតែបានចុះកិច្ចព្រមព្រៀងតម្លៃ ១៦,៥ ពាន់លានដុល្លារ ដើម្បីទិញបន្ទះឈីបពី Samsung ផងដែរ។ អ្នកវិភាគនៅក្រុមហ៊ុនមូលបត្រ Kiwoom Securities លោក Pak Yuak រំពឹងថា ការចុះកិច្ចសន្យាថ្មីៗទាំងនេះនឹងជួយកាត់បន្ថយការខាតបង់របស់ក្រុមហ៊ុន Samsung បានយ៉ាងច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close