ប្រជាជនអ៊ីរ៉ាក់ជាង ៦០០នាក់ ពុលឧស្ម័នក្លរីន ដែលធ្លាយចេញពីស្ថានីយ៍ប្រព្រឹត្តិកម្មទឹក

ប្រជាជនអ៊ីរ៉ាក់ធ្វើធម្មយាត្រាជាង ៦០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសារបញ្ហាផ្លូវដង្ហើម បន្ទាប់ពីពួកគេបានស្រូបឧស្ម័នក្លរីន ដែលលេចធ្លាយចេញពីស្ថានីយ៍ប្រព្រឹត្តិកម្មទឹក នេះបើតាមការបញ្ជាក់របស់អាជ្ញាធរអ៊ីរ៉ាក់នៅថ្ងៃទី១០ ខែសីហា។

ឧប្បត្តិហេតុនេះបានកើតឡើងពេញមួយយប់ ស្ថិតនៅទីតាំងចន្លោះទីក្រុងចំនួនពីរ គឺ Najaf និង Karbala ដែលមានទីតាំងនៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីរ៉ាក់។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ, ក្រសួងសុខាភិបាលអ៊ីរ៉ាក់ បាននិយាយថា ករណីលេចធ្លាយឧស្ម័នក្លរីននៅទីក្រុង Karbala បានប៉ះពាល់ដល់សុខភាពមនុស្សចំនួន ៦២១នាក់។

ក្រសួងបន្តថា ពួកគេទាំងអស់បានទទួលការថែទាំ និងព្យាបាលបន្ទាន់ ហើយក្រោយមកបានចាកចេញពីមន្ទីរពេទ្យដោយមានសុខភាពល្អឡើងវិញ។

គួរកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសអ៊ីរ៉ាក់ បានស្ថិតក្នុងសភាពទ្រុឌទ្រោមខ្លាំង ដោយសារតែជម្លោះ និងអំពើពុករលួយជាច្រើនទស្សវត្ស គួបផ្សំនឹងការប្រកាន់ខ្ជាប់នូវស្តង់ដារសុវត្ថិភាពធូររលុង។

បើតាមការអះអាងរបស់អាជ្ញាធរ, កាលពីខែកក្កដា អគ្គីភ័យដ៏ធំមួយបានលេបត្របាក់ផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Kut ភាគខាងកើត បានសម្លាប់មនុស្សជាង ៦០នាក់ ដែលភាគច្រើនពួកគេបានថប់ដង្ហើមស្លាប់ដោយសារផ្សែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close