កម្ពុជា អនុម័តគម្រោងវិនិយោគ ៤៤០គម្រោង ក្នុងទំហំទឹកប្រាក់ ៦.៧ពាន់លានដុល្លារ ត្រឹមរយៈពេល៧ខែនេះ

រយៈពេល៧ខែ ឆ្នាំ២០២៥នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគ ចំនួន៤៤០គម្រោង កើនឡើងចំនួន៨៨% ក្នុងទំហំទុនវិនិយោគសរុប៦.៧ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «គិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន៤៤០គម្រោង គឺកើនឡើងចំនួន២០៦គម្រោង ស្មើនឹងប្រមាណ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ៦.៧ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៨៤%»។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ជាការកត់សម្គាល់ ត្រឹមតែរយៈពេល៧ខែ នៃឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជីគម្រោងវិនិយោគ ពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ២៦គម្រោង។

ដោយឡែកក្នុងខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៦៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៩៤៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៥៧ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៤៣គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤គម្រោង។

ជារួម ការចុះបញ្ជី គម្រោងវិនិយោគមានការកើនឡើងចំនួន ២៣គម្រោង ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៥៤៧លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close