អតីតស្ត្រីទីមួយកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន

រដ្ឋអាជ្ញាកូរ៉េខាងត្បូង បាននិយាយថា អតីតស្ត្រីទីមួយ លោកស្រី គីម កឿន ហេ (Kim Keon Hee) ត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃទី១២ ខែសីហា ជុំវិញការចោទប្រកាន់ជាច្រើន រួមទាំងការក្លែងបន្លំភាគហ៊ុន និង ការប្រព្រឹត្តអំពើពុករលួយ។

ការចាប់ខ្លួននេះ បានកើតឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពីតុលាការក្រុងសេអ៊ូល បានពិនិត្យមើលសំណើរបស់រដ្ឋអាជ្ញា សម្រាប់ដីកាចាប់ខ្លួន ប្រឆាំងនឹងស្ត្រី អាយុ៥២ឆ្នាំ រូបនេះ។

នេះគឺជាការចាប់ខ្លួន ស្ត្រីទីមួយ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ប្រទេសកូរ៉េខាងត្បូង។ ការចោទប្រកាន់លើ លោកស្រី Kim រួមមានទាំង ការរំលោភ លើទីផ្សារមូលធន និង ច្បាប់វិនិយោគហិរញ្ញវត្ថុ ក៏ដូចជា ច្បាប់មូលនិធិនយោបាយ។

ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីលោក យ៉ុន (Yoon) អតីតប្រធានាធិបតី ដែលត្រូវជាស្វាមី របស់លោកស្រី Kim ត្រូវបានចោទប្រកាន់ និង ដកចេញពីតំណែង កាលពីខែមេសា ឆ្នាំ២០២៥ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ដែលបានជំរុញឱ្យប្រទេសនេះ រៀបចំការបោះឆ្នោតមួយ កាលពីខែមិថុនា។

តាមរយៈការប្រកាសច្បាប់អាជ្ញាសឹក ដ៏គួរឱ្យភ្ញាក់ផ្អើល របស់ អតីតប្រធានាធិបតី យ៉ុន សុក យេល (Yoon Suk Yeol) កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៤ គេឃើញមានវត្តមានទាហាន ត្រូវបានដាក់ពង្រាយ នៅក្នុងសភា ប៉ុន្តែ ត្រូវបានបោះឆ្នោតទម្លាក់វិញ ដោយក្រុមសមាជិកសភាបក្សប្រឆាំង យ៉ាងឆាប់រហ័ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close