អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី៩ កញ្ញា ខាងមុខនេះ
កាលពីចុងសប្តាហ៍នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ វិស័យឯកជន មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកផលិតមាតិកាទេសចរណ៍ប្រមាណ ៣០០នាក់ អញ្ជើញធ្វើដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានផ្តល់បទបង្ហាញអំពីទិដ្ឋភាពទូទៅដ៏ល្អប្រណិតរបស់ព្រលានយន្តហោះអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិនិងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះ គឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ និងជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍។
ថ្លែងក្នុងឱកាសនោះដែរ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារ ដំណាក់កាលទី១ និង ជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។ ព្រលានយន្តហោះលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ និងកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។