លោក ហ៊ួត ហាន មានអំណាចធំជាងចៅហ្វាយខេត្តត្បូងឃ្មុំ ទើបអាចបើកល្បែងជល់មាន់ខុសច្បាប់ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប?
ត្បូងឃ្មុំ ៖ សង្វៀនជល់មាន់ លេងអាប៉ោង ចាក់យូគីខុសច្បាប់មួយកន្លែងនៅក្នុងចំការកៅស៊ូក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រភូមិស្ទៀង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចូលទៅលេងភ្នាល់ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធហាក់មិនអើពើបង្ក្រាប ដែលធ្វើឲ្យពលរដ្ឋមានចម្ងល់ថា ទំនងម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះ ទំនងមានអំណាចធំជាងលោក ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំទៀតផងក៏មិនដឹង។
ប្រជាពលរដ្ឋរស់នៅភូមិស្ទៀង បានរាយការណ៍ឲ្យដឹងថា សង្វៀនជល់មាន់ខុសច្បាប់នេះបើកឲ្យអ្នកញៀនល្បែងចូលលេងភ្នាល់ជាយូរមកហើយ ដោយមានអ្នកចូលទៅលេងល្បែងរាប់រយនាក់ក្នុងមួយថ្ងៃៗ មានទាំងពលរដ្ឋក្រីក្រ និងអ្នកមានលុយមកពីទីជិត និងឆ្ងាយ មានទាំងម៉ូត និងឡានរាប់រយគ្រឿង។ប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់សង្វៀនជល់មាន់ដ៏មានអំណាចមហិមានេះឈ្មោះ ហ៊ួត ហាន ជាមេល្បែងដុះស្លែដ៏ល្បីឈ្មោះប្រចាំខេត្តត្បូងឃ្មុំ ធ្លាប់ត្រូវបានស្នងការនគរបាលខេត្តចាប់ខ្លួនយកទៅឃុំនៅពន្ធនាគារម្តងហើយពាក់ព័ន្ធនឹងការបើកសង្វៀនភ្នាល់ល្បែងជល់មាន់ខុសច្បាប់នេះ។ ប៉ុន្តែក្រោយចេញពីពន្ធនាគារលោក ហ៊ួត ហាន មិនរាងចាល បែរជាកាន់មានអំណាចខ្លាំងជាងមុនក្នុងការបើកសង្វៀនជល់មាន់ភ្នាល់ល្បែងខុសច្បាប់ ខណៈដែលប្រមុខរាជរដ្ឋាភិបាលហាមប្រាមដាច់ខាតមិនឲ្យមានល្បែងខុសច្បាប់ និងព្រមានដកតំណែងមន្ត្រីមូលដ្ឋានរូបណាដែលពាក់ព័ន្ធគប់គិត មិនអនុវត្តន៍ច្បាប់ទៀតផង។
ប្រជាពលរដ្ឋឲ្យដឹងទៀតថា ពួកគាត់សង្វេគខ្លាំងណាស់ ដោយសារក្រុមអ្នកញៀនល្បែងជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានមួយចំនួនចាញ់បុសក្តិតខោ អ្នកខ្លះត្រូវប្រពន្ធកូនទៅក្បែរសង្វៀនជល់មាន់អង្គុយរង់ចាំប្តី ឪពុក ដែលញៀនល្បែងទាំងទឹកមុខក្រៀមក្រំដោយសារតែពួកគាត់ជំពាក់បំណុលគេជុំកោះព្រោះប្តីញៀនល្បែង ឯអ្នកខ្លះកើតហិង្សាឈ្លោះទាស់តែងក្នុងគ្រួសារថែមទៀតផង។ សកម្មភាពបែបនេះគឺអនោចអធមខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ពួកគាត់រិះគន់ត្រង់ៗថាលោក ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំហាក់មិនអើពើពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនខ្វាយខ្វល់ពីបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំ ជាពិសេសមិនយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឡើយ។
ប្រជាពលរដ្ឋដដែលខាងលើលើកឡើងទៀតថា លោក ហ៊ួត ហាន មេសង្វៀនជល់មាន់ដុះស្លែនេះ ទំនងមានអំណាចធំជាងលោក ប៉ែន កុសល ចៅហ្វាយត្បូងឃ្មុំហើយមើលទៅ ទើបសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានហ៊ានបង្ក្រាប? ពួកគាត់សំណូមពរដល់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ខមន្រ្តីក្រសួងមហាផ្ទៃមេត្តាពិនិត្យលើការអនុវត្តច្បាប់ភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋបាលខេត្តត្បូងឃ្មុំផងទាន!… ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។