អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបដិសេធការផ្សាយបំភ្លៃថា រាជរដ្ឋាភិបាលបានគម្រាមកំហែងនិងកាត់ប្រាក់ខែកងទ័ពជួរមុខ និងស្នើសុំឱ្យអនុវត្តច្បាប់ដកសញ្ជាតិចំពោះជនក្បត់ជាតិ សម រង្ស៊ី
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងយោធពលខេមរភូមិន្ទ បានចេញលិខិតបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្សី និងបក្សពួកដែលថា«រាជរដ្ឋាភិបាល បានគម្រាមកំហែងនិងកាត់ប្រាក់ខែកងទ័ពជួរមុខ»។

នៅក្នុងលិខិតបដិសេធនោះដែរបានឱ្យដឹងថា កងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុងនិងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក ដែលមានគោលបំណង បំបាក់ស្មារតីនិងប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិនិងប្រជាជនខ្មែរដែលរងគ្រោះការរំលោភបំពានទាំងកម្រោលមកលើបូរណទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ជនក្បត់ជាតិ៣ជំនាន់ សម រង្សី និងបក្សពួក បាននិងកំពុងលុបបំបាត់កិត្តិយសវីរៈយុទ្ធជននិងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ ខណៈរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅប្រទេសក៏ដូចជា កងយោធពលខេមរភូមិន្ទ បាននិងកំពុងតស៊ូក្រាញននៀលប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងប្រជាជន។
ក្នុងលិខិតនោះដែរក៏បានថ្កោលទោសដាច់អហង្ការនិងស្នើសុំឱ្យអនុវត្តច្បាប់ដកសញ្ជាតិ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្សី និងបក្សពួក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។