មន្ត្រីមានរឿងអាស្រូវម្នាក់ ដកចេញទៅក្រសួងកសិកម្មហើយ នៅតែមានមុខស្ទើររាល់ថ្ងៃនៅខេត្តកំពង់ធំ បង្ករព្យុះភ្លៀង លើម្ចាស់អាជីវកម្មសត្តឃាត ចំនួន៥ស្រុក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
កំពង់ធំ ៖ លោក តាន់ ម៉េងឆាង អតីតប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ ជាបុគ្គលមួយរូបដែលមហាជនក្នុងខេត្តជាច្រើនស្គាល់ច្បាស់ ល្បីល្បាញខាងប្តឹងនិងបង្ករទំនាស់មិនចេះចប់ មិនចេះហើយ ខណៈបច្ចុប្បន្ននេះ បុគ្គលរូបនេះត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដកដំណែង និងឱ្យទៅបម្រើការងារនៅក្រសួង ដោយអនុវត្តទណ្ឌកម្មវិន័យ ត្រូវបង្ហាញខ្លួនរាល់ម៉ោងធ្វើការ។ តែពេលនេះ មហាជនឆ្ងល់ថា លោក តាន់ ម៉េងឆាង ត្រូវបានដកតំណែងផ្ទេរការងារ ពីខេត្តកំពង់ធំ ទៅហើយ! ចុះហេតុអ្វី? បានជាគេឃើញបុគ្គលនេះ បច្ចុប្បន្ននៅតែមានវត្តមាន នៅក្នុងខេត្តស្ទើររៀងរាល់ថ្ងៃ ?
បើតាមប្រភពព័ត៌មានពីបងប្អូនម្ចាស់អាជីវកម្មសត្តឃាត ក៏ដូចជាមន្រ្តីរាជការ បាននិយាយរំលឹកថា កាលពីលោកតាន់ ម៉េងឆាង នៅជាប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាល បុគ្គលនេះបានធ្វើព្យុះធ្វើភ្លៀង គំរាមកំហែងម្ចាស់អាជីវកម្មនិងអ្នកវិនិយោគ ភាស៊ីសត្តឃាត ដើម្បីទាមទារផ្ទេរសិទ្ធិឲ្យមកខ្លួន ទើបបានសុខប្រសិនបើមិនដូច្នោះទេ ម្ចាស់អាជីវកម្មទាំងនោះ ធ្វើអ្វីក៏មិនបានត្រឹមត្រូវដែរ គឺខុសរហូត..។

ដោយឡែកបើយោងតាមប្រភពបែកធ្លាយបានឲ្យដឹងថា កន្លងមកនេះ លោក តាន់ ម៉េងឆាង បានគំរាម លោក កូវ ហៃ ជាម្ចាស់អាជីវកម្មសត្តឃាត នៅស្រុកបារាយណ៍ ស្រុកតាំងគោក និងក្រុងស្ទឹងសែន ឲ្យផ្ទេរសិទ្ធិអាជីវកម្ម ប្រមូលភាស៊ី សត្តឃាត មកឲ្យខ្លួន ដោយប្រើឈ្មោះសុង សាវុធជំនួសខ្លួន (តាន់ ម៉េងឆាង) ទាំងបីស្រុកខាងលើ រួមទាំងការទារប្រាក់ពីអាជីវករពិឃាតសត្វផងដែរ។
ប្រភពដដែលបានបញ្ជាក់ទៀតថា លោក តាន់ ម៉េងឆាង បានប្ដឹងអាជីវករ ប្ដឹងទាំងមន្ត្រីការិយាល័យផលិតកម្ម ប្ដឹងមន្ត្រីរដ្ឋបាលស្រុកនិងប្ដឹងមន្ត្រីអាជីវករជាច្រើននាក់ថែមទៀតផង។ តួយ៉ាងដូចជាលោកស្រី ប្រាក់ គីមហេង ដែលជាម្ចាស់អាជីវកម្ម នៅស្រុកកំពង់ស្វាយ ស្រុក ប្រាសាទសំបូរ ក៏ត្រូវបានលោក តាន់ ម៉េងឆាង គំរាមឲ្យផ្ទេរសិទ្ធិ ប្រមូលភាស៊ីឲ្យ បុគ្គលផងដែរ ។ លើសពីនេះទៀតលោក តាន់ ម៉េងឆាង ក៏បានបង្គាប់ឲ្យបក្សពួករបស់ខ្លួន ប្ដឹងអាជីវករផ្សេងៗទៀតផងដែរ ។
បើតាមប្រភពព័ត៌មានខ្សឹបខ្សៀវតៗគ្នានោះ បានឲ្យដឹងថា ទោះបីបច្ចុប្បន្នលោក តាន់ ម៉េងឆាង បានបង្ករព្យុះភ្លៀង យ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាហ៊ានប៉ះពាល់ បុគ្គលនេះដែរ ពីព្រោះថាគាត់អាងមានលុយ អាងមានឪពុកធម៌មានអំណាច ក្នុងខេត្ត ធ្វើជាខ្នងបង្អែក ទើបធ្វើឱ្យ លោក តាន់ ម៉េងឆាង ហាក់គ្មានកោតញញើតអ្នកណាទាល់តែសោះ ។
ជាក់ស្ដែង កន្លងទៅក្នុងអំឡុងខែវិច្ឆិកាឆ្នាំ 2024 ខណៈ លោកតាន់ ម៉េងឆាង ហ៊ានបង្ហាញមុខ ក្នុងនាមតំណាងជាអាជីវករ ចូលរួមប្រជុំនៅស្រុកបារាយណ៍ ជាមួយនិងអភិបាលរងស្រុកបារាយណ៍រឿងតម្លើងថ្លៃភាស៊ី ទាំងដែលលោកតាន់ ម៉េងឆាង ត្រូវដក ទៅក្រសួងកសិកម្ម តាំងពីសីហាពីឆ្នាំ2021 មកម៉្លេះ។

ជុំវិញរឿងរ៉ាវរបស់លោក តាន់ ម៉េងឆាង ធ្វើព្យុះភ្លៀងតាមតែអំពើចិត្តនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ជាពិសេស អ្នកតាមដានជុំវិញរឿងខាងលើនេះ សង្ឃឹមជឿជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នឹងមានវិធានការ ចំពោះមន្ត្រីក្រោមឱវាទ ដែលមិនបានទៅបំពេញការងារ នៅក្រសួងជាមិនខាន។ ចំណែក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងមានចំណាត់ការ ចំពោះមន្ត្រីប្រភេទនេះប្រសិនបើរកឃើញកំហុសឆ្គងពិតប្រាកដនោះ។
ពាក់ព័ន្ធទៅនិងព័ត៌មានខាងលើនេះប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំលោកប៉ែន វណ្ណរិទ្ធ អង្គភាពយើងមិនអាចសុំការបំភ្លឺបានទេ ខណៈទូរស័ព្ទចូលមិនមានអ្នកលើកទទួល ប៉ុន្តែយ៉ាងណាក៏ដោយកន្លងទៅលោកប្រធានមន្ទីររូបនេះធ្លាប់បានថ្លែងប្រាប់អ្នកកាសែតក្នុងស្រុកថា លោក តាន់ ម៉េងឆាង ពិតជាបានផ្លាស់ទៅនៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ពិតប្រាកដមែន ចំពោះរឿងអ្វីផ្សេងនោះលោកមិនចង់និយាយវែងឆ្ងាយឡើយ ដោយទុកលទ្ធភាពឲ្យអ្នកសារព័ត៌មានស៊ើបខ្លួនឯងចុះ។
ដោយឡែកលោក តាន់ ម៉េងឆាង ដែលទទួលរងនូវការចោទប្រកាន់ខាងលើនេះអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេនៅថ្ងៃនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។