ឯកឧត្ដម សួន សុម៉ាលីន ចុះជួបសំណេះសំណាល និងផ្តល់ឱកាសការងារជិត ៣ ម៉ឺនកន្លែង ជូនពលរដ្ឋជិត ៣ ពាន់នាក់ នៅខេត្តព្រៃវែង

ព្រៃវែង — នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ និងផ្តល់ឱកាសការងារជិត ៣ ម៉ឺនកន្លែង ជូនដល់ពលរដ្ឋជិត ៣ ពាន់នាក់ ក្នុងព្រឹត្តិការណ៍ “វេទិកាការងារ” ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកកំចាយមារ។

ឯកឧត្តម សួន សុម៉ាលីន អភិបាលេខេត្ត មានប្រសាសន៍ថា វេទិកាការងារនេះធ្វើឡើងក្នុងគោលបំណងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និងចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ក៏ដូចជាផ្សព្វផ្សាយព័ត៌មានឱកាសការងារ ពីសំណាក់ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ដែលមានតម្រូវការជ្រើសរើសកម្លាំងពលករ និងផ្ដល់ឱកាសដល់ពលករដែលកំពុងស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

លើសពីនេះ ក៏ផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តព្រៃវែង ធ្វើការផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងធ្វើការចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្ថែមថា ទាំងអស់នេះគឺជាការយកចិត្តទុកដាក់យ៉ាងធំធេងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមកលើប្រជាពលរដ្ឋក៏ដូចជាពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដែលពុំទាន់មានការងារធ្វើ ឱ្យគាត់មានការងារធ្វើបានគ្រប់ៗគ្នា។ហើយចំពោះការយកចិត្តទុកដាក់នេះមិនត្រឹមតែប៉ុណ្ណោះទេទាំងការវិលត្រឡប់តាមច្រកព្រំដែននីមួយៗរហូតមកដល់ស្រុកកំណើតវិញនេះ រាជរដ្ឋាភិបាលក៏បានផ្ដល់ជារថយន្តសម្រាប់ដឹកជញ្ជូនដោយឥតគិតថ្លៃ ចំពោះបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃវិញមកប្រទេសកម្ពុជា ជូនរហូតដល់ស្រុកកំណើតរៀងៗខ្លួននេះផងដែរ។

បើតាម​ឯកឧត្ដមអភិបាលខេត្ត ការធ្វើការងារនៅក្នុងប្រទេស គឺមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋ គ្រប់ៗគ្នា ។ ដោយការងារនៅក្នុងប្រទេសផ្ដល់ប្រាក់បៀវត្សសមរម្យ មានកន្លែងស្នាក់នៅ មានប្រាក់សោធននិវត្តន៍ និងមានប្រាក់សម្រាប់ពេលលំហែមាតុភាព ដល់កម្មករ កម្មការិនីនៅតាមរោងចក្រសហគ្រាស ដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជា។ ហើយមួយទៀតនោះគឺប្រជាពលរដ្ឋដែលធ្វើការងារនៅក្នុងប្រទេស ក៏ទទួលបាននូវឱកាស យ៉ាងច្រើនដោយមិនប្រឈមនឹងហានិភ័យផ្សេងៗដូចដែលយើងទៅធ្វើការនៅឯក្រៅប្រទេសនោះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close