ផ្លូវ២ខ្សែនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងខេត្តព្រះសីហនុ
ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផងដែរ។
សូមជម្រាបថា គម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះមានប្រវែងសរុបប្រមាណ ៤៣,០២គីឡូម៉ែត្រ ដែលក្នុងនោះ ផ្លូវលេខ១៤៦B ឬវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស មានប្រវែងប្រមាណ ២០,៦៧គីឡូម៉ែត្រ គិតចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ រហូតដល់ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ ១១ម៉ែត្រ។
ចំណែកឯ ផ្លូវខេត្តលេខ១៤៨ ឬតីរវិថីសម្តេចតេជោ ហ៊ុន សែន មានប្រវែងប្រមាណ ២២,៣៤គីឡូម៉ែត្រ បន្តពីស្រុកស្ទឹងហាវ រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានស្ថាបនាដោយក្រាលបេតុងសសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ ១១ម៉ែត្រ។
ក្នុងគម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះក៏មានសាងសង់សំណង់សិល្បការ្យផ្សេងៗដូចជា សាងសង់ស្ពានថ្មីចំនួន ០១កន្លែង និងពង្រីកស្ពានចាស់ចំនួន ១៧កន្លែង ព្រមទាំងដាក់លូគ្រប់ប្រភេទចំនួន ១៦១កន្លែងផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។