កូនសិស្ស ១៩នាក់ បានស្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាស របស់យោធាមីយ៉ាន់ម៉ា

ក្រុមជីវពលជនជាតិភាគតិចមួយបានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ាលើសាលារៀនមួយកន្លែងកាលពីសប្តាហ៍មុន បានសម្លាប់សិស្សយ៉ាងហោចណាស់ ១៩នាក់ ខណៈរបបសឹកដែលកំពុងកាន់អំណាចនៅប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ បង្កើនយុទ្ធនាការរបស់ខ្លួនដើម្បីដណ្តើមយកទឹកដីត្រឡប់មកវិញ មុនការបោះឆ្នោតដែលគ្រោងធ្វើនៅខែធ្នូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បានបញ្ជាក់ថា កុមារត្រូវបានសម្លាប់ និងរងរបួសនៅឯសាលាអន្តេវាសិកដ្ឋានមួយក្នុងក្រុង Kyauktaw នៃរដ្ឋរ៉ាក់ឃីនដែលពោរពេញដោយភាពចលាចលរបស់មីយ៉ាន់ម៉ា។ ទោះជាយ៉ាងណា ទីភ្នាក់ងារនេះមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់នោះទេ ប៉ុន្តែក្រុម Arakan Army ដែលជាក្រុមជីវពលប្រយុទ្ធប្រឆាំងនឹងយោធានៅរដ្ឋភាគខាងលិចមួយនេះ បានអះអាងថា យ៉ាងហោចណាស់ ១៩នាក់ ដែលមានអាយុចន្លោះពី ១៥ ទៅ ២១ឆ្នាំ បានស្លាប់បាត់បង់ជីវិត។

UNICEF បានបញ្ជាក់បន្ថែមថា «ការវាយប្រហារនេះបន្ថែមទៅលើគំរូនៃអំពើហិង្សាដ៏បំផ្លិចបំផ្លាញដែលកំពុងកើនឡើងនៅក្នុងរដ្ឋរ៉ាក់ឃីន ដោយកុមារ និងក្រុមគ្រួសារជាអ្នកទទួលរងនូវតម្លៃដ៏ធ្ងន់ធ្ងរបំផុត»។

គួរបញ្ជាក់ថា រដ្ឋរ៉ាក់ឃីន ដែលមានព្រំដែនជាប់នឹងប្រទេសបង់ក្លាដែស បាននិងកំពុងមើលឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់រយៈពេលជាច្រើនខែ រវាងយោធា និងក្រុម Arakan Army ដែលស្វែងរកស្វ័យភាពកាន់តែខ្លាំងសម្រាប់ខេត្តជាប់មាត់សមុទ្រមួយនេះ។ រដ្ឋនេះក៏ជាទីតាំងរបស់សហគមន៍ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដែលត្រូវបានគេធ្វើទុក្ខបុកម្នេញជាយូរមកហើយ ហើយកម្មវិធីស្បៀងអាហារពិភពលោកក៏បានព្រមានពីការកើនឡើងនៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភនៅក្នុងរដ្ឋនេះផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close