ករណីថៃចោទរឿងលេណដ្ឋាន និងផ្ទះពលរដ្ឋនៅខេត្តពោធិ៍សាត់ អ្នកនាំពាក្យកងទ័ពកម្ពុជាស្នើឱ្យថៃចៀសវាងការបង្កភាពតានតឹងនៅតំបន់ព្រំដែន
ភ្នំពេញ — អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអំពាវនាវដល់ភាគីថៃឱ្យចៀសវាងសកម្មភាពដែលអាចបង្កឱ្យមានភាពតានតឹង និងពង្រីកតំបន់ជម្លោះនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីគេហទំព័រផ្លូវការរបស់ថៃមួយចំនួនបានលើកឡើងពីបញ្ហាលេណដ្ឋាន និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជានៅខេត្តពោធិ៍សាត់។
កាលពីពេលថ្មីៗនេះ គេហទំព័រព័ត៌មានរបស់ថៃមួយចំនួនដូចជា The Nation Thailand, Khaosod ក៏ដូចជាគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានចុះផ្សាយពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជានៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។

ឆ្លើយតបទៅនឹងការលើកឡើងនេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ថា កម្ពុជាបានផ្តល់ការបកស្រាយច្បាស់លាស់រួចមកហើយ ហើយតាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ភាគីទាំងពីរក៏បានដោះស្រាយបញ្ហាមួយចំនួនរួចរាល់ផងដែរ។
ចំពោះបញ្ហាដែលនៅសេសសល់ផ្សេងទៀត ដែលមិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់អង្គភាពតាមព្រំដែន ឬអាជ្ញាធរមូលដ្ឋាននោះ កម្ពុជាបានលើកសំណើឱ្យបញ្ជូនបញ្ហាទាំងនេះទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ពិភាក្សានិងដោះស្រាយស្របតាមអនុស្សារណៈនៃការយោគយល់គ្នា (MOU 2000) ស្តីពីការវាស់វែងនិងខណ្ឌព្រំសីមាព្រំដែនគោក។
លោកស្រីម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា កម្ពុជាស្នើឱ្យភាគីទាំងអស់ខិតខំបង្កបរិយាកាសអំណោយផលដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមកិច្ចព្រមព្រៀងដែលបានសម្រេចនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ (RBC)។

លោកស្រីបានបន្ថែមថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សម្រាប់ផលប្រយោជន៍រួមរបស់ប្រទេសនិងប្រជាជនទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។