វៀតណាម ជម្លៀសប្រជាជនជាង ១ម៉ឺននាក់ បិទអាកាសយានដ្ឋាន ដោយសារព្យុះ Bualoi

វៀតណាម នៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា បានបិទអាកាសយានដ្ឋាន និងជម្លៀសមនុស្សរាប់ពាន់នាក់នៅក្នុងតំបន់ដែលអាចរងផលប៉ះពាល់ ខណៈព្យុះទីហ្វុង Bualoi កំពុងបក់បោកមកកាន់តែកៀក ប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះមួយនេះបានផ្ដាច់យកជីវិតមនុស្សយ៉ាងហោច១០នាក់ និងបង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្យុះទីហ្វុង Bualoi ដែលកំពុងធ្វើដំណើរក្នុងល្បឿនខ្យល់ ១៣៣គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានរំពឹងថានឹងបក់បោកដល់តំបន់ដីគោកនៅភាគកណ្ដាលប្រទេសវៀតណាម នៅថ្ងៃអាទិត្យនេះ ពោលគឺលឿនជាងការព្យាករកន្លងមក។ ជាវិធានការបង្ការគ្រោះថ្នាក់ អាជ្ញាធរវៀតណាមនៅក្នុងខេត្ត Ha Tinh បានចាប់ផ្ដើមជម្លៀសមនុស្សជាង ១៥ ០០០នាក់ ហើយរដ្ឋាភិបាលបានដាក់ពង្រាយកងទ័ពឱ្យប្រុងជើងការជាស្រេច។

បន្ថែមពីលើនេះ វៀតណាមក៏បានបិទអាកាសយានដ្ឋានចំនួន៤ ស្ថិតនៅតាមបណ្ដោយឆ្នេរជាបណ្ដោះអាសន្ន ក្នុងនោះរួមមានអាកាសយានដ្ឋាន Danang international ផងដែរ។ បើតាមរដ្ឋាភិបាលវៀតណាម ភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងធ្លាក់រួចទៅហើយដោយបង្កជាគ្រោះទឹកជំនន់នៅខេត្ត Hue និង Quang Tri។

គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ វៀតណាមតែងតែជួបប្រទះនឹងព្យុះជារឿយៗ ក្នុងនោះមានទាំងព្យុះកំណាចទៀតផង។ តួយ៉ាង កាលពីឆ្នាំមុន ព្យុះទីហ្វុង Yagi បានសម្លាប់ មនុស្សជាង ៣០០នាក់ និងបង្កការខូចខាតដល់ទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ ៣.៣ពាន់លានដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close