កុមារជាង ៦ម៉ឺននាក់ បានស្លាប់ និងពិការ ក្នុងសង្គ្រាមនៅហ្គាហ្សា

ជាងពីរឆ្នាំប៉ុណ្ណោះ ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា មានកុមារប្រហែល ៦១,០០០នាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់ ឬមានពិការភាព នេះបើតាមរបាយការណ៍របស់មូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) កាលពីថ្ងៃអង្គារ។

អ្នកនាំពាក្យអង្គការ UNICEF លោក Ricardo Pires បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ជាមធ្យម កុមារម្នាក់ត្រូវបានសម្លាប់ ឬរងរបួសរៀងរាល់ ១៧នាទីម្តង ហើយតួលេខនេះ គឺជារឿង “មិនអាចទទួលយកបាន” និង “គួរឱ្យតក់ស្លុត” ពន់ពេក។

លោក Pires បន្តថា នៅហ្គាហ្សា កុមារម្នាក់ក្នុងចំណោមកុមារ៥នាក់ភាគច្រើនកើតមិនគ្រប់ខែ ចំពេលមានការខ្វះខាតគ្រឿងបរិក្ខាពេទ្យចាំបាច់។ តួយ៉ាង សូម្បីតែរបាំងអុកស៊ីហ្សែនក៏ត្រូវចែករំលែកពីកុមារទៅកុមារម្នាក់ទៀតផងដែរ ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពួកគេ។

លោកបន្ថែមថា ឆ្លើយតបបញ្ហានេះ ក្រុមការងារអង្គការ UNICEF នៅតំបន់ហ្គាហ្សានៅតែរង់ចាំភ្លើងខៀវ ដើម្បីនាំយកឧបករណ៍ចាំបាច់នានា និងម៉ាស៊ីនជំនួយផ្លូវដង្ហើមសម្រាប់ទារកមិនគ្រប់ខែ ដែលត្រូវបានជម្លៀសចេញពីភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប។ ហើយរហូតមកទល់ពេលនេះនៅតែត្រូវបានបដិសេដ៕

ប្រភព៖ Apsara TV11

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close