ខ្យល់ព្យុះ​ឆក់យកជីវិតមនុស្សម្នាក់ រងរបួសធ្ងន់ ៤នាក់ នៅក្បែរទីក្រុងប៉ារីស

ខ្យល់ព្យុះដ៏ខ្លាំងមួយបានវាយប្រហារលើតំបន់ភាគខាងជើងនៃរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីថ្ងៃចន្ទ ទី២០ ខែតុលា ដោយបណ្ដាលឱ្យដងស្ទូច៣គ្រឿងរលំដែលសម្លាប់ មនុស្សម្នាក់ និង៤ផ្សេងទៀតរងរបួសធ្ងន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមអាជ្ញាធរបារាំង ទីក្រុង Ermont ដែលស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគឦសាននៃរដ្ឋធានីប៉ារីស បានរងការវាយប្រហារពីខ្យល់ព្យុះខ្លាំងជាងគេ ដោយក្នុងនោះមានស្រុកចំនួន១០ រងផលប៉ះពាល់។ មន្ត្រីបារាំងម្នាក់បានប្រាប់ AFP ថាកម្មករសំណង់អាយុ២៣ឆ្នាំម្នាក់បានស្លាប់ នៅឯការដ្ឋានសាងសង់អគារមួយ និងមនុស្ស១០នាក់ទៀតបានរងរបួស ក្នុងនោះមាន ៤នាក់រងរបួសធ្ងន់ ក្រោយខ្យល់ព្យុះបក់បោកធ្វើឱ្យដងស្ទូចសង្កត់អគារកំពុងសាងសង់។

វីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញដងស្ទូច ៣គ្រឿងបានរលំ ក្នុងនោះមានដងស្ទូចមួយគ្រឿងបានរលំលើគី្លនីកមួយ និងអគារលំនៅឋានមួយផងដែរ តែមិនបានធ្វើឱ្យ នរណាម្នាក់រងរបួសនោះទេ៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close