ធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿង និងយន្តហោះចម្បាំង១គ្រឿងយោធាអាមេរិក នៅសមុទ្រចិនខាងត្បូង

កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី២៦ ខែតុលា យន្តហោះចម្បាំង១គ្រឿង និងឧទ្ធម្ភាគចក្រ១គ្រឿង មកពីនាវាផ្ទុកយន្តហោះចម្បាំង USS Nimitz បានធ្លាក់នៅលើសមុទ្រចិនខាងត្បូង ក្នុងពេលរំលងគ្នា​ត្រឹម៣០នាទី ខណៈមូលហេតុនៃការធ្លាក់យន្តហោះទាំង២គ្រឿង កំពុងស្ថិតក្រោមការស៉ើបអង្កេត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP។

យោធាអាមេរិក បាននិយាយថា សមាជិកទាំង៣នាក់ នៅលើឧទ្ធម្ភាគចក្រ MH-60R Sea Hawk ត្រូវបានជួយសង្រ្គោះ ខណៈអាកាសយានិកទាំង២នាក់ នៅលើយន្តហោះចម្បាំង F/A-18F Super Hornet បានប្រើប្រព័ន្ធសុវត្ថិភាព ផ្តាច់កៅអីចេញពីយន្តហោះ និងត្រូវបានជួយសង្រ្គោះដូចគ្នា ពោលគឺអ្នកទាំង៥ មានសុវត្ថិភាពទាំងអស់ និងស្ថិតក្នុងស្ថានភាពនឹងនរ។ ឧប្បត្តិហេតុខាងលើ កើតឡើងស្របពេលដែល នាវា Nimitz វិលត្រឡប់មកកាន់មូលដ្ឋានរបស់ខ្លួនវិញ ក្នុងរដ្ឋវ៉ាស៉ីនតោន ក្រោយត្រូវបានដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា ប៉ុន្មានខែមកនេះ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក១គ្រឿងផ្សេងទៀតគឺ USS Harry S Truman ក៏ធ្លាប់បានជួបឧប្បត្តិហេតុជាបន្តបន្ទាប់ដូចគ្នាដែរ ពេលកំពុងធ្វើប្រតិបត្តិការ នៅមជ្ឈិមបូព៌ា។ តួយ៉ាង កាលពីខែធ្នូ ចុងឆ្នាំមុន នាវាចម្បាំង USS Gettysburg បានច្រឡំបាញ់ធ្លាក់យន្តហោះចម្បាំង F/A-18 មួយគ្រឿង មកពីនាវា Truman។ ក្រោយមក កាលពីខែមេសា ឆ្នាំនេះ យន្តហោះចម្បាំង F/A-18 មួយគ្រឿង ក៏បានរអិលចេញពីលើនាវា Truman ហើយធ្លាក់ចូលក្នុងសមុទ្រ។ ដោយឡែក កាលពីខែឧសភា យន្តហោះ F/A-18 ១គ្រឿងទៀត បានធ្លាក់ចូលទៅក្នុងសមុទ្រដូចគ្នា ពេលព្យាយាមចុះចតប៉ុន្តែខុសបច្ចេកទេស លើនាវាផ្ទុកយន្តហោះចម្បាំង Truman។ យ៉ាងណាមិញ ឧប្បត្តិហេតុទាំងនោះ ពុំបានបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិតទេ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close