ក្រសួងវប្បធម៌ និងចុះបញ្ជីសាកសពជនរងគ្រោះ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំធ្វើការអភិរក្ស ចុះបញ្ជីសាកសពជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត នៅតាមទីកន្លែងវាលពិឃាត ទូទាំង ប្រទេស ដើម្បីទុកជាភស្ដុតាង និងឯកសារសម្រាប់មនុស្សជំនាន់ក្រោយកុំឱ្យបំភ្លេចនូវសោក នាដកម្ម ដ៏ឃោរឃៅ និងព្រៃផ្សៃក្នុងអំឡុង៣ឆ្នាំ ៨ខែ និង២០ថ្ងៃកន្លងមក។ នេះបើយោងតាម ការបញ្ជាក់នៅលើគេហទំព័រហ្វេសប៊ុករបស់លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
បើតាមការលើកឡើងរបស់លោក វឿន វុទី្ធ ថា រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងយកចិត្តទុកដាក់ថែរក្សាទីតាំងប្រវតិ្តសាស្រ្តជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីធ្វើការអភិរក្សទុកជា ភស្ដុតាងឱ្យបានដឹង សម្រាប់អ្នកជំនាន់ក្រោយៗទៀត។
លោកបានបន្ដថា ការអភិរក្សនេះ គឺដើម្បីរក្សាទុកជាភស្តុតាងជូនជនរងគ្រោះទាំងអស់ សម្រាប់ជាភស្តុតាងបង្ហាញនូវការវិភាគលើសាកសព លលាដ៏ក្បាលសាកសពជនរងគ្រោះ ដែលមានស្នាមវៃ មានស្នាមកាប់ មានស្នាមអារក មានស្នាមអារស្លឹកត្រចៀក ចងស្លាបសេក និងក្រណាត់រំមុខជាដើម។
លោកបានបន្ដទៀតថា រហូតមកដល់ពេលនេះ នាយកដ្ឋានបុរាណ វិទ្យា និងបុរេប្រវត្តិវិទ្យានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់ គម្រោងអភិរក្សអដ្ឋិធាតុ ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងរាជធានីភ្នំពេញប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០១៩នេះ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានផ្ទៀងផ្ទាត់ អភិរក្ស និងចុះបញ្ជីសាកសព ជនរងគ្រោះ (ការធ្វើកោសល្យវិច្ច័យ) បានជាង១០ម៉ឺនអដិ្ឋធាតុ និងផ្នូរសាកសពរួម នៅតាមទីតាំងវាល ពិឃាត នៅទូទាំងប្រទេស គឺមានជិត២០០ផ្នូរសាកសពរួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។