ហ្វីលីពីន! ស្លាប់មនុស្ស ២នាក់ និង១លាននាក់ទៀត ត្រូវជម្លៀសខ្លួន ដោយសារព្យុះ Fung-wong

ព្យុះ Fung-wong បានបង្កការបំផ្លិចបំផ្លាញ និងវាយប្រហារលើភាគខាងជើងនៃប្រទេសហ្វីលីពីនពេញមួយយប់ថ្ងៃអាទិត្យម្សិលមិញ និងបានសម្លាប់មនុស្សយ៉ាងហោច ២នាក់ ខណៈ អ្នកស្រុកជាច្រើនចាប់ផ្ដើមវាយតម្លៃពីការខូចខាត នៅព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា បន្ទាប់ពីមិនបានដេកពេញមួយយប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មនុស្សជាង ១លាននាក់ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព នៅមុនការមកដល់នៃព្យុះ Fung-wong ដែលបានកើនឥទ្ធិពលទៅជាព្យុះស៊ុបភើទីហ្វុង វាយប្រហារលើទីក្រុង Dinalungan នៃខេត្ត Aurora កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ ព្យុះនេះបានវាយប្រហារលើផ្នែកជាច្រើននៃកោះ Luzon ជាមួយខ្យល់បក់យ៉ាងសាហាវ និងភ្លៀងធ្លាក់ខ្លាំងអស់ពេញមួយយប់។ Fung-wong ដែលហ្វីលីពីនហៅថា Uwan ក៏បានបង្កការខូចខាតដល់ផ្ទះសម្បែងជាច្រើនខ្នងនៅទីក្រុង Santiago ខេត្ត Isabela ផងដែរ ហើយក្រៅតែពីអ្នកស្លាប់ ២នាក់ មនុស្ស២នាក់ផ្សេងទៀតបានរងរបួស ខណៈជើងហោះហើរជាង ៤០០ត្រូវបានលុបចោល។

គួរបញ្ជាក់ថា Fung-wong ជាព្យុះទី២១ ដែលបានវាយប្រហារលើហ្វីលីពីន នៅក្នុងឆ្នាំ២០២៥នេះ និងភ្លាមៗបន្ទាប់ពីរងការវាយប្រហារពីព្យុះទីហ្វុង Kalmaegi កាលពីសប្ដាហ៍មុនដែលបានសម្លាប់ មនុស្ស ២២៤នាក់។ Kalmaegi ក៏បានសម្លាប់ ៥នាក់ដែរនៅវៀតណាមដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close