មនុស្សស្លាប់កើនដល់ ១៨នាក់ ក្រោយការវាយប្រហាររបស់ព្យុះទីហ្វុង Fung-wong នៅហ្វីលីពីន

នៅថ្ងៃអង្គារនេះ តួលេខមនុស្សស្លាប់នៅប្រទេសហ្វីលីពីន បានកើនដល់១៨នាក់ បន្ទាប់ពីការវាយប្រហារដោយព្យុះទីហ្វុង Fung-wong។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ព្យុះទីហ្វុង Fung-wong ដែលបានបង្ខំឱ្យមនុស្សសរុបរហូតដល់១.៤លាននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង បានថយចុះថាមពល​មកនៅត្រឹមជាព្យុះត្រូពិក និងបានបោកបក់ចេញផុតហ្វីលីពីនហើយ ប៉ុន្តែឥឡូវនេះ វាចាប់ផ្តើមជះឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងទៅលើកោះតៃវ៉ាន់ ហើយត្រូវបានរំពឹងថា នឹងទៅដល់តៃវ៉ាន់នៅថ្ងៃពុធ។ អាជ្ញាធរនៅតៃវ៉ាន់ បានជម្លៀសប្រជាជនរាប់ពាន់នាក់ ព្រមទាំងចាត់វិធានការចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនទប់ទល់ការទៅដល់នៃព្យុះទីហ្វុងនេះ។

គួរបញ្ជាក់ថា Fung-wong គឺជាព្យុះទីហ្វុងដ៏អាក្រក់ទី២ ដែលបានវាយប្រហារប្រទេសហ្វីលីពីន ក្នុងគម្លាតពេលត្រឹមតែប៉ុន្មានថ្ងៃ ពោលគឺ​បន្ទាប់ពីព្យុះ Kalmaegi ដែលកាលពីសប្តាហ៍មុន បានផ្តាច់ជីវិតមនុស្សសរុប២៣២នាក់ រួមជាមួយការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close