១០ខែឆ្នាំនេះ! កម្ពុជា រកចំណូលបានជាង ៤ពាន់លានដុល្លារ ពីការនាំចេញកសិផលជាង១១លានតោន
ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចេញកសិផលជាង ១១លានតោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានចំណូលជាង ៤ពាន់លានដុល្លារ កើនឡើង ចំនួន ២៨,៥៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មដែលទទួលបាន ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ១១ ៨៩០ ០០៥,៥៥តោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ៥ ៧៤៤ ៤៥៥,៤១តោន ស្រូវចំនួន ៥ ៤៤៦ ៦១១,១៤តោន និងអង្ករចំនួន ៦៩៨ ៩៣៩តោន ដែលបាននាំចេញទៅកាន់ទិសដៅ ៩០ប្រទេស។

របាយការណ៍នេះបានបញ្ជាក់ថា ការនាំចេញកសិផល១០ខែនេះ ទទួលបានទឹកប្រាក់ចំនួន ៤ ១៨៣ ១២៦ ៦២៥,៧០ដុល្លារអាមេរិក ក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករ មានចំនួន ២ ៥៣៤ ៤៩៦ ៤៤៧,២៧ដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានចំនួន ១ ០៩២ ០៩៩ ៩៩៩,៦៨ដុល្លារអាមេរិក និងតម្លៃពីការនាំចេញអង្ករមានចំនួន ៥៥៦ ៥៣០ ១៧៨,៧៥ដុល្លារអាមេរិក។
ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅប្រទេសថៃមានចំនួន ២៦០ ១៩១ ៦៦២,៧១ដុល្លារអាមេរិក ស្មើនឹង ៦,២២% ធៀបនឹងការនាំចេញសរុប ដោយឡែក ស្រូវពុំមានការនាំ ចេញទៅប្រទេសថៃនោះទេ។
«ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ មានការកើនឡើងចំនួន ២ ៦៤២ ៣៧៧,៦៩តោន ក្នុងនោះការនាំចេញស្រូវកើនឡើងចំនួន ១ ៩៨៥ ៣៣៥,៦៦តោន ការនាំចេញ ផលិតផលដំណាំក្រៅពីស្រូវ-អង្ករកើនឡើងចំនួន ៤៦៥ ១៣២,០៣តោន និងការនាំចេញអង្ករកើនឡើងចំនួន ១៩១ ៩១០តោន បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤»។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្មដដែល។
ជាមួយគ្នានេះ បន្ទាប់ពីមានការបិទច្រកព្រំដែនផ្លូវគោកជាឯកតោភាគីរបស់ប្រទេសថៃមក កម្ពុជាបាននាំចេញផលិតផលដំណាំទៅប្រទេសថៃតាមផ្លូវទឹក មានចំនួន ២ ៣៩៨,២៩តោន ស្មើនឹង ៧ ០៤៩ ០១៥,២២ដុល្លារ អាមេរិក ដោយគិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ដំណាច់ខែតុលា ឆ្នាំ២០២៥។
តែយ៉ាងនេះក្តី ការនាំចេញក្នុងខែតុលា មានចំនួន ៦៧០,១០តោន ស្មើនឹង ១ ២៥០ ៣១៥,៥០ដុល្លារអាមេរិក មានការថយចុះចំនួន ២៧,៥២% ស្មើនឹង ៤៧៤ ៦១៥,៥០ ដុល្លារអាមេរិក បើធៀបនឹងខែកញ្ញាដែលមានចំនួន ៣៧៧,៤០តោន ស្មើនឹង ១ ៧២៤ ៩៣១ដុល្លារអាមេរិក។
ក្រសួងកសិកម្មបានបញ្ជាក់ផងដែរថា ការនាំចេញផលិតផលដំណាំក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន២៨,៥៧% ក៏ពិតមែន តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុមួយចំនួន។ ក្នុងនោះការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃ ជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ជាក់ស្តែង ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន ៦០,៩១% និងម្សៅដំឡូងមីកើនឡើងចំនួន ៨២,៥៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។