វៀតណាម ដាក់គោលដៅប្រើប្រាស់ថាមពលបៃតងសុទ្ធ ក្នុងទីក្រុងធំៗ នៅត្រឹមឆ្នាំ២០៣០

ប្រទេសវៀតណាមដាក់គោលដៅប្រកបដោយមហិច្ឆតាធ្វើឱ្យយានយន្តដឹកជញ្ជូនសាធារណៈទាំងអស់នៅក្នុងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ប្រើប្រាស់ថាមពលស្អាត, បៃតង និងមិនប៉ះពាល់ដល់បរិស្ថាននៅឆ្នាំត្រឹម ២០៣០។

បើតាមរបាយការណ៍, វៀតណាមក៏មានគោលបំណងបង្កើតឱ្យមានអគារប្រើប្រាស់ថាមពលបៃតងចំនួន ១.២០០កន្លែងនៅទូទាំងប្រទេសនៅត្រឹមឆ្នាំ ២០៣០ផងដែរ។ គោលដៅនេះ ត្រូវបានកំណត់ក្រោមផែនការសកម្មភាពជាតិ ដែលទើបអនុម័តថ្មី ស្តីពីការកាត់បន្ថយខ្យល់កង្វក់ និងការគ្រប់គ្រងគុណភាពខ្យល់។

ផែនការដែលត្រូវបានរៀបចំឡើងសម្រាប់រយៈពេលពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅឆ្នាំ ២០៤៥ ក៏បានអំពាវនាវឱ្យមានគោលនយោបាយ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរយានយន្តរត់ឈ្នួល, រថយន្តកក់សេវាតាមទូរស័ព្ទ និងយានយន្តដឹកជញ្ជូនផ្អែកលើបច្ចេកវិទ្យាឲ្យទៅជាថាមពលស្អាត, បៃតង និងមិនប៉ះពាល់ដល់បរិស្ថាន។

ស្ថិតក្រោមផែនការនេះទៀតសោត កំហាប់ភាគល្អិតក្នុងខ្យល់ PM2.5 ជាមធ្យមប្រចាំឆ្នាំរបស់ទីក្រុងហាណូយ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្រោម ៤០មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៅត្រឹមឆ្នាំ ២០៣០ ហើយនេះជាការធ្លាក់ចុះ ២០ភាគរយពីកម្រិតមធ្យមឆ្នាំ ២០២៤៕

ប្រភព៖ Apsara TV11

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close