គ្រោះទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូណេស៊ី មនុស្សស្លាប់កើនដល់ ៦១នាក់

អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់នៅកោះស៊ូម៉ាត្រា (Sumatra) បានកើនដល់យ៉ាងហោច ៦១នាក់ និងបារម្ភថាតួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើង ខណៈភ្លៀងនៅតែបន្តធ្លាក់ ហើយមនុស្ស១០០នាក់បន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា បានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីផ្ដល់ជំនួយ និងជួយសង្រ្គោះនៅផ្នែកខាងជើងនៃកោះស៊ូម៉ាត្រ (Sumatra) ដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេដោយផ្លូវជាច្រើនត្រូវបានកាត់ផ្ដាច់ រីឯប្រព័ន្ធទូរគមនាគមន៍មួយចំនួនត្រូវបានបំផ្លាញដោយបំណាក់ដី។ មន្ត្រីប៉ូលិសឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Ferry Walintukan បានឱ្យដឹងថា មនុស្ស៤៣នាក់បានស្លាប់នៅខេត្តស៊ូម៉ាត្រខាងជើង។ ចំណែក មនុស្ស៩នាក់ទៀតស្លាប់នៅខេត្តស៊ូម៉ាត្រខាងលិច និង៩នាក់ផ្សេងទៀតស្លាប់ក្នុងខេត្ត Aceh។

គួរបញ្ជាក់ថា ព្យុះស៉ីក្លូនដ៏កម្រ បានបោកបក់ទូទាំងកោះ Sumatra រួមទាំងនៅជិតច្រកសមុទ្រ Malacca ហើយបង្កជាទឹកជំនន់ និងបំណាក់ដី ចំពេលដែលប្រទេសអាស៊ានដទៃដូចជាថៃ និងម៉ាឡេស៊ី ក៏កំពុង​ប្រឈម​នឹងគ្រោះ​ទឹកជំនន់​ដ៏​សាហាវផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close