មានរថយន្ត២គ្រឿងវ៉ា គ្នាមិនផុតធ្លាក់ចូលប្រឡាយទាំង២ នៅស្រុក រលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ មានរថយន្តពីរគ្រឿងបានប៉ះទង្គិចគ្នា បណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹកទាំងសងខាង ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុរថយន្ដ២គ្រឿងបានបើកបរតាមបណ្តោយផ្លូវជាតិក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង ដោយក្នុងនោះរថយន្តកូរ៉េមួយគ្រឿងម៉ាក KIA ពាក់ស្លាកលេខកំពង់ឆ្នាំង 2A- 0706 បើកបរពីខាងមុខ ។

លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តទួរីសមួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ 2X- 3415 បើកពីក្រោយរថយន្តកូរ៉េបានបើកវ៉ាជែង ប៉ុន្តែពេលកំពុងបើកវ៉ាបានជួបឧបសគ្គ ហើយក៏បានងាកមកខាងស្តាំដៃវិញជ្រុលទៅបុករថយន្តកូរ៉េពីក្រោយ យ៉ាងពេញទំហឹង បណ្តាលអោយរថយន្តទាំងពីរគ្រឿងធ្លាក់ចូលប្រឡាយទឹកខាងស្តាំទាំងសងខាង ។ ក្នុងហេតុការណ៍នោះបណ្ដាលឲ្យអ្នកបើកបររថយន្តទួរីសម្នាក់បានរងរបួសជាទម្ងន់ ចំណែកអ្នកបើករថយន្តកូរ៉េរងរបួសស្រាល។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅព្រឹកថ្ងៃទី៩ ខែមករា នេះរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចស្ទូច និងអូសយកទៅរក្សាទុកនៅអធិការនគរបាលស្រុករលារប្អៀរ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ។ ចំណែកបន្លែ និងផ្លែឈើដែលដឹកក្នុងរថយន្តទួរីសបានខូចខាតទាំងស្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close