ខ្យល់ពុលគ្រប់ដណ្តប់ក្រុងបាងកក ឈានដល់ការប្រកាសអាសន្ន
បាងកកដែលជារាជធានីបេះដូងរបស់ប្រទេសថៃកំពុងគ្របដណ្ដប់ទៅដោយខ្យល់ពុលក្នុងកម្រិតឈានដល់ការប្រកាសអាសន្ន។

បើតាមមជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់ទីក្រុងបាងកកបានរាយការណ៍នៅថ្ងៃទី២ ខែធ្នូនេះថា កំហាប់ខ្យល់ពុល PM2.5 នៅក្នុងទីក្រុងបាងកក បានហក់ឡើងដល់ ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលជាកម្រិតប្រកាសអាសន្នពណ៌ទឹកក្រូច ។
កម្រិតនេះគឺខ្ពស់ជាងកម្រិតរបស់អង្គការសុខភាពពិភពលោក ដែលកំណត់ការប្រកាសអាសន្នត្រឹម ៣៧.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូបប៉ុណ្ណោះ ។
PM2.5 សំដៅលើភាគល្អិតតូចៗដែលមានអង្កត់ផ្ចិត ២.៥ មីក្រូម៉ែត្រ ឬតូចជាងនេះ ។ កំហាប់ដ៏តូចៗនេះអាចជ្រៀតចូលទៅក្នុងសួត និងចរន្តឈាម បង្កគ្រោះថ្នាក់ដល់សុខភាពដូចជា ជំងឺផ្លូវដង្ហើម និងជំងឺសរសៃឈាមបេះដូងជាដើម ។
បញ្ហានេះនាំឲ្យអាជ្ញាធរចេញការព្រមានដល់ប្រជាជនទាំងអស់គួរតែកាត់បន្ថយសកម្មភាពក្រៅផ្ទះ, ពាក់ម៉ាស ឬរបាំងមុខ ពេលចេញក្រៅ ជាពិសេសកុមារតូចៗ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានបញ្ហាផ្លូវដង្ហើម ត្រូវតែតាមដានសុខភាព រួមទាំងអនុវត្តតាមវិធានការការពារ រហូតដល់គុណភាពខ្យល់ប្រសើរឡើង ។
បើតាមនាយកដ្ឋានឧតុនិយម, បញ្ហាខ្យល់ពុលនេះនឹងបន្តអាប់អួរពេញទីក្រុងបាងកករហូតដល់ថ្ងៃទី១០ ខែធ្នូ ។
ឆ្នាំមុន ពលរដ្ឋថៃជាង ១ លាននាក់មានបញ្ហាសុខភាពទាក់ទងនឹងខ្យល់ពុល និងរត់ទៅរកពេទ្យដើម្បីព្យាបាល ។ បញ្ហាខ្យល់ពុលក៏នាំឲ្យប្រទេសថៃ ខាតបង់ទឹកប្រាក់ជាង ៨៩ លានដុល្លារក្នុងការចំណាយលើការថែទាំសុខភាព ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។