ថៃ បារម្ភពីគ្រោះរញ្ជួយដី រហូតបំពាក់ឧបករណ៍ជួយទប់ការស្លន់ស្លោ
ទីក្រុងបាងកក ប្រទេសថៃ កំពុងភ័យបារម្ភ ពីការកើតមានគ្រោះរញ្ជួយដីខ្លាំងពេក រហូតដល់បំពាក់ឧបករណ៍ចាប់សញ្ញា ជួយទប់ស្កាត់កុំឲ្យស្លន់ស្លោ។
យោងតាមសារព័ត៌មានថៃ ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍, អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានទទួលយកឧបករណ៍ចាប់សញ្ញា «RUGON» ពីលោក Anatee Ruangrassamee នាយកមជ្ឈមណ្ឌលឧត្តមភាព ផ្នែកវិស្វកម្មរញ្ជួយដី និង រំញ័រ នៃមហាវិទ្យាល័យវិស្វកម្ម Chulalongkorn កាលពីថ្ងៃអង្គារ។
គំនិតផ្តួចផ្តើមនេះ ធ្វើឡើង បន្ទាប់ពីមានការរញ្ជួយ នៅទីក្រុងបាងកក បណ្តាលឱ្យដួលរលំអគារសម្លាប់មនុស្ស ចំនួន៩៥នាក់ កាលពីខែមីនា ឆ្នាំ២០២៥ ពោលគឺចំពេលមានការរញ្ជួយដីដ៏ធំមួយ នៅប្រទេសមីយ៉ាន់ម៉ា។
លោក Chadchart បាននិយាយថា «ប្រព័ន្ធនេះនឹងជួយទីក្រុងបាងកក គ្រប់គ្រងគ្រោះមហន្តរាយរញ្ជួយដី កាន់តែមានប្រសិទ្ធភាព ជាពិសេស តាមរយៈការចូលប្រើទិន្នន័យ តាមរយៈ API ដើម្បីភ្ជាប់ជាមួយប្រព័ន្ធព្រមាន ដែលនឹងកាត់បន្ថយការភ័យស្លន់ស្លោ និង បង្កើនសុវត្ថិភាពសាធារណៈ»។
បាងកក គ្រោងនឹងដំឡើងឧបករណ៍ចាប់សញ្ញានេះ ចំនួន១០គ្រឿង ជាលើកដំបូង ហើយ មានផែនការនឹងបញ្ចប់ការដំឡើង នៅគ្រប់មន្ទីរពេទ្យទាំងអស់ ក្នុងឆ្នាំ២០២៦។ ក្រុមមន្ត្រីបាននិយាយថា ឧបករណ៍ចាប់សញ្ញា អាចផ្តល់ការព្រមានជាមុន រហូតដល់៣នាទី មុនពេលការរញ្ជួយ ទៅដល់ទីក្រុងបាងកក៕

ប្រភព៖ Apsara TV11
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។