អាមេរិក គ្រោងផ្តល់ជំនួយមនុស្សធម៌ ២ពាន់លានដុល្លារ ដល់ UN សម្រាប់ឆ្នាំ២០២៦

កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកា ២ពាន់លានដុល្លារ ក្នុងកញ្ចប់ជំនួយសម្រាប់មនុស្សរាប់លាននាក់ ដែលប្រឈមមុខនឹងភាពអត់ឃ្លាន និងជំងឺនៅក្នុងប្រទេសមួយចំនួន នាឆ្នាំ ២០២៦ ដែលជាផ្នែកមួយនៃយន្តការថ្មី ក្រោយរដ្ឋបាលលោក ត្រាំ បានកាត់បន្ថយជំនួយបរទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ ២០២៥។

ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ជំនួយ ២ពាន់លានដុល្លារដែលទីក្រុងវ៉ាស៉ីនតោនបានសន្យានេះ នឹងត្រូវពិនិត្យដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ (UN) ក្រោមគំរូថ្មីមួយដែលបានព្រមព្រៀងជាមួយ UN ដែលមានបំណងធ្វើឱ្យការផ្តល់មូលនិធិ និងការផ្តល់ជំនួយកាន់តែមានប្រសិទ្ធភាព និងបង្កើនការទទួលខុសត្រូវលើការចំណាយ។

សហរដ្ឋអាមេរិក និង UN គ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១៧ជាមួយប្រទេសនីមួយៗ ដែលសហរដ្ឋអាមេរិកកំណត់ថាជាប្រទេសអាទិភាព។ លោក Tom Fletcher ប្រធាន​ផ្នែក​ជំនួយ​របស់​ UN ​បាន​និយាយថា វិស័យ​មួយចំនួន​ដែលជា​អាទិភាព​សម្រាប់ UN រួមទាំងនៅ​យេម៉ែន អាហ្វហ្គានីស្ថាន និង​ហ្កាហ្សា មិន​ទទួលបាន​មូលនិធិ​ពី​សហរដ្ឋអាមេរិក​ក្រោម​យន្តការ​ថ្មី​នេះ​ទេ ហើយUN នឹង​ស្វែងរក​ការគាំទ្រ​ពី​អ្នកផ្តល់ជំនួយ​ផ្សេងទៀត។

គួរបញ្ជាក់ថា តាមទិន្នន័យរបស់ UN ការរួមចំណែកសរុបផ្នែកមនុស្សធម៌របស់សហរដ្ឋអាមេរិក មកកាន់ UN បានធ្លាក់ចុះមកនៅត្រឹមប្រហែល ៣.៣៨ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលស្មើនឹងប្រហែល ១៤.៨ភាគរយនៃចំនួនទឹកប្រាក់សកល៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close