អាជ្ញាធរ ជួសជុលប្រាសាទអូរថ្មដាប់ ជាប្រាសាទឥដ្ឋ ស្ថិតនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន

នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរថ្មដាប់ ដែលជាប្រាសាទឥដ្ឋ ស្ថិតនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ឱ្យមានភាពរឹងមាំឡើងវិញ។

លោក ឮ ចាន់ណូរ៉ា បុរាណវិទូ និងជាមន្រ្តីនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទអូរថ្មដាប់មានគម្រោងជួសជុលរយៈពេល៤ខែ ដោយក្រុមផ្នែកអភិរក្ស បានជួសជុលនៅផ្នែកខាងកើត​ដែលមានស្នាមប្រេះ​ចាប់ពីហោជាងខាងក្រោមដល់កំពូលខាងលើ និងដំឡើងខ្លោងទ្វារថ្មភក់ ផ្តែរ សសរពេជ្រ រួមនឹងពង្រឹងស្នាមប្រេះ​នៅផ្នែកខាងលិច។ល។ ក្រៅពីជួសជុលនេះ ក្រុមការងារក៏បាន​សម្អាតរុក្ខជាតិ​ដែលនៅផ្នែកកំពូលឱ្យបានស្អាតផងដែរ។

ប្រាសាទអូរថ្មដាប់នៅមានរូបរាងពេញល្អ និងមានក្បាច់លម្អក្រឡោតខ្ពស់នៅតាមជ្រុងនីមួយៗ ដែលភ្ញៀវទេសចរអាចទៅទស្សនាបាន។ លោក ឮ ចាន់ណូរ៉ា បានបន្ថែមថា ក្នុងគម្រោងជួសជុលនេះ ក្រុមការងារបានដំឡើង​ខ្លោងទ្វារឡើងវិញ ដែលជាការបន្ថែមសោភ័ណភាពប្រាសាទ និងទាក់ទាញដល់អ្នកទេសចរ​ចូលទៅទស្សនាឱ្យកាន់តែច្រើន។ ជាប្រាសាទមួយក្នុងចំណោម​ប្រាសាទឥដ្ឋ​តិចតួចនៅលើភ្នំគូលែន ដែលបន្សល់នូវរូបរាងពេញលេញ ក្រៅពីនោះ គឺនៅសល់ស្នាកស្នាមបន្តិចបន្តួច ដូចជាគ្រឹះ ឬគំនរឥដ្ឋប៉ុណ្ណោះ។

កន្លងមកប្រាសាទអូរថ្មដាប់ដែលមានអាយុកាលជាង ១២០០ឆ្នាំ មិនធ្លាប់មានការជួសជុលឡើយ គ្រាន់តែធ្លាប់មានការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការថែទាំទល់ទ្រសម្អាតជាប្រចាំប៉ុណ្ណោះ។ មុនពេលជួសជុល ប្រាសាទនេះមានការប្រេះហែកផ្នែកខាងកើតពីក្រោមដល់លើ និងស្រុតថ្មជាដើម។ល។

ដ្បិតថានៅឆ្ងាយពីតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែកន្លងមកថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ និងជំរុញឱ្យក្រុមការងាររៀបចំគម្រោងជួសជុលប្រាសាទនៅតំបន់ភ្នំគូលែន ជាហូរហែ។ លោក ឮ ចាន់ណូរ៉ា អះអាងថា ការងារនេះដើម្បីអភិរក្សប្រាសាទបុរាណផង និងលើកស្ទួយវិស័យទេសចរណ៍នៅតំបន់ភ្នំគូលែនផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close