ឆ្នាំ២០២៥! កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥.៥លាននាក់ រកបានចំណូល ៣.៧ពាន់លានដុល្លារ

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែល បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥.៥ លាននាក់ ថយប្រមាណ ១៦.៩% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៦.៧ លាននាក់។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដដែលនេះ បានបញ្ជាក់ថា ទេសចរវៀតណាមឈរនៅលំដាប់លេខទី១ ដែលមានចំនួន១.២២ លាននាក់ ធ្លាក់ចុះ ៨.៨%។ តាមពីក្រោយវៀតណាម គឺទេសចរចិនមានចំនួន១.២០លាននាក់ កើន ៤១.៤% ខណៈទេសចរថៃ ឈរនៅលំដាប់ទី៣ ដែលមានចំនួនជាង១ លាននាក់ ធ្លាក់ចុះ៥២%។ បន្ទាប់មក គឺភ្ញៀវទេសចរអាមេរិកមានចំនួន២០ ម៉ឺននាក់ ធ្លាក់ចុះ ៣.៦% និងទេសចរកូរ៉េជាង១៥ ម៉ឺននាក់ ធ្លាក់ចុះ ២០.៦%។ ចំណែកទេសចរមកពីឥណ្ឌូនេស៊ី មានជាង១៤ម៉ឺននាក់ និងមកពីបារាំង មានជាង១៣ម៉ឺននាក់។

តាមរយៈរបាយការណ៍នេះ បានបញ្ជាក់ផងដែរថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៥.៥លាននាក់ក្នុងឆ្នាំ ២០២៥នេះ ក្នុងនោះទទូលបានភ្ញៀវទេសចរតាមផ្លូវអាកាស មានចំនួន២.៨លាននាក់ កើនឡើង១៩.២% និងតាមផ្លូវគោកចំនួន ២.៦លាននាក់ ថយចុះ ៣៧.៨% ខណៈតាមផ្លូវទឹកទទួលបានជាង ៩៨ម៉ឺននាក់ កើនឡើង ៦.៣%។

យ៉ាងនេះក្តី បើទោះបីជាចំនួនភ្ញៀវទេសចរអន្តរជាតិថយចុះជាង១០%ក៏ ប៉ុន្តែចំណូលដែលទទួលបានពីវិស័យទេសចរណ៍អន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានចំនួន៣.៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ កើនឡើង ៣% បើធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍២០២៥ របស់ធនាគារជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close