វៀតណាមកើបលុយជិត ៤ពាន់លានដុល្លារ ពីការនាំចេញទុរេន កាលពីឆ្នាំមុន

វៀតណាមនាំចេញទុរេន បានតម្លៃ ៣,៨៦ពាន់លានដុល្លារ កាលពីឆ្នាំមុន កើនឡើង ជាង២០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress កាលពីថ្ងៃចន្ទ។

លោក Dang Phuc Nguyen អគ្គលេខាធិការ នៃ សមាគមផ្លែឈើ និងបន្លែ វៀតណាម ចាត់ទុកកំណើន នៃការនាំចេញទុរេន ព្រោះតែ សមត្ថភាពរបស់អាជីវកម្ម ក្នុងការសម្របខ្លួន ទៅនឹងគុណភាព តឹងរ៉ឹង និងតម្រូវការផ្សេងៗទៀត ដែលកំណត់ ដោយទីផ្សារមួយចំនួន។ យ៉ាងណា លោកបានបន្ថែមថា ដើម្បីទ្រទ្រង់កំណើន ពួកគេត្រូវតែបន្តផ្តោតលើការគ្រប់គ្រង និង ស្វែងរកទីផ្សារថ្មីៗ។

ប្រទេសចិន នៅតែជាទីផ្សារដ៏ធំបំផុត ដោយសារពិធីសារចុះហត្ថលេខា កាលពីឆ្នាំមុន ដែលអនុញ្ញាតឱ្យនាំចេញទុរេនកក និង ដូងស្រស់។ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប មានការកើនឡើងយ៉ាងខ្លាំង នេះបើតាមប្រភពដដែល។

រហូតមកដល់ពេលនេះ ផ្លែឈើប្រភេទនេះ គឺជាទំនិញនាំចេញកំពូល នៃ ផ្លែឈើ ឬ បន្លែ ដែលគ្របដណ្តប់ ជាង ៤៥% នៃ ចំនួនសរុប ដែលមានតម្លៃ ៨.៥៦ពាន់លានដុល្លារ ។ បន្ទាប់ពីទុរេន គឺជា ដូងស្រស់ និង ផ្លែស្រកានាគ នេះបើយោងតាមទិន្នន័យគយវៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close