អ៊ីស្រាអែល សម្លាប់មនុស្ស ២១នាក់ មានកុមារ និងគ្រូពេទ្យ ក្នុងការវាយប្រហារហ្គាហ្សា
មន្ត្រីសុខាភិបាលបានប្រកាសនៅថ្ងៃពុធនេះថា ការបាញ់ផ្លោងដោយរថក្រោះ និងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២១នាក់ រួមទាំងកុមារ ៦នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងចំណោមអ្នកស្លាប់ មានបុគ្គលិកសង្គ្រោះបន្ទាន់ម្នាក់ដែលបានប្រញាប់ប្រញាល់ទៅជួយជនរងគ្រោះនៅទីក្រុង Khan Younis ហើយត្រូវបានសម្លាប់ដោយការវាយប្រហារលើកទីពីរនៅកន្លែងដដែល។ នៅទីក្រុងហ្គាហ្សា ទារកអាយុ ៥ខែម្នាក់ក៏បានបាត់បង់ជីវិតផងដែរ។
លោក អាប៊ូ ម៉ូហាម៉ាត់ ហាប៊ូច (Abu Mohamed Habouch) ដែលបានបាត់បង់សមាជិកគ្រួសារ បាននិយាយទាំងទឹកភ្នែកថា «ខណៈពេលដែលយើងកំពុងដេកលក់… រថក្រោះបានបាញ់មកលើផ្ទះយើង កូនៗរបស់ខ្ញុំបានស្លាប់… យើងមិនមានពាក់ព័ន្ធនឹងរឿងអ្វីទេ យើងជាប្រជាជនសន្តិភាព»។
យោធាអ៊ីស្រាអែលបានអះអាងថា ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងក្រុមសកម្មប្រយុទ្ធដែលបានបាញ់ប្រហារមកលើទាហានរបស់ខ្លួននៅជិតខ្សែបន្ទាត់ឈប់បាញ់ បណ្តាលឱ្យទាហានម្នាក់រងរបួសធ្ងន់។ ចំណែកឯក្រុមហាម៉ាស់បានអំពាវនាវឱ្យមាន «សម្ពាធអន្តរជាតិជាបន្ទាន់» ដើម្បីបញ្ឈប់ការរំលោភបំពាននេះ៕

ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។