គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សម្រេចបានជិត ៤០%ហើយ គិតត្រឹមខែកុម្ភៈនេះ

នាព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យក្រុមហ៊ុនអនុវត្តការងារឱ្យស្របតាមផែនការ ដោយធានាឱ្យបាននូវសុវត្ថិភាពតាមស្តង់ដារបច្ចេកទេស និងប្រកបដោយសោភ័ណ្ឌភាព។ ជាការឆ្លើយតប ក្រុមហ៊ុនសាងសង់ សន្យា និងបេ្ដជ្ញាចិត្តមោះមុត អនុវត្តន៍ការងារ ឱ្យកាន់តែប្រសើរឡើង ជាមួយក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធ ដោយធ្វើការសហការ ពន្លឿនការសាងសង់ស្ពានមេគង្គនេះ ឱ្យបានកាន់តែឆាប់រហ័សព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះមានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់តាមទន្លេមេគង្គ ផ្លូវនៅត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ តភ្ជាប់នឹងមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី ៣) និងផ្លូវជាតិលេខ១ ផ្លូវនៅត្រើយខាងកើតស្ថិត ក្នុងឃុំថ្មគរ តភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងនឹងសាងសង់។ គម្រោងនេះមានប្រវែងសរុប ៣,៧ គីឡូម៉ែត្រ រួមមានស្ពានដែលឆ្លងទន្លេ និងស្ពានអាកាសតភ្ជាប់ផ្លូវ លូ និងការងារវិស្វកម្មបន្ទាប់បន្សំ។ ស្ពានឆ្លងទន្លេមេគង្គ មានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ ដោយមានគន្លងផ្លូវរថយន្ត ផ្លូវទោចក្រយានយន្ត និងផ្លូវថ្មើរជើង ព្រមទាំងមានគន្លងនាវាចរណ៍ចំនួន ៣គន្លង ដែលគន្លងនីមួយៗមានចន្លោះសុវត្ថិភាព ទទឹង ១១០ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close