ករណីបាញ់ប្រហារនៅសាលារៀនមួយ សម្លាប់គ្រូបង្រៀនម្នាក់ នៅក្នុងខេត្ត Songkhla ប្រទេសថៃ

នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ អ្នកគ្រូបង្រៀនម្នាក់បានបាត់បង់ជីវិត ក្រោយខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារក្នុងសាលារៀន ស្ថិតនៅស្រុក Hat Yai នៃខេត្ត ​Songkhla ភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ជនសង្ស័យដែលមានអាយុ១៧ឆ្នាំ បានប្រើប្រាស់កាំភ្លើងដែលលួចពីមន្រ្តីប៉ូលិស បាញ់ប្រហារទៅលើគ្រូបង្រៀនជាស្រ្តី ដែលមាន​ឈ្មោះ Sasiphat Sinsamosorn នៅសាលា Patongprathankiriwat កាលពីល្ងាចថ្ងៃពុធ មុនពេលត្រូវប៉ូលិសឃាត់ខ្លួន។ សិស្សស្រីម្នាក់ ក៏បានរងការបាញ់ឱ្យរបួសផងដែរ ប៉ុន្តែព័ត៌មានអំពីស្ថានភាពរបស់គេ មិនទាន់ត្រូវបានបញ្ចេញឱ្យដឹងនៅឡើយទេ។

អាជ្ញាធរថៃបានឱ្យដឹងថា អ្នកគ្រូ Sasiphat ដែលកាន់តួនាទីជានាយិការសាលាផងដែរនោះ ត្រូវបានបញ្ជូនទៅបន្ទប់សង្រ្គោះបន្ទាន់ដើម្បីទទួលការវះកាត់ ប៉ុន្តែបានបាត់បង់ជីវិត កាលពីវេលាម៉ោង២រំលងអធ្រាត្រ ដោយសារតែរបួសសរីរាង្គខាងក្នុងធ្ងន់ធ្ងរ ហើយបាត់បង់ឈាមច្រើនខ្លាំង។

បើតាមអាជ្ញាធរ ជនសង្ស័យដែលមានបងប្អូនរៀននៅសាលាខាងលើ គឺធ្លាប់មានប្រវត្តិប្រើប្រាស់សារធាតុញៀន និងទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្ត កាលពីខែធ្នូ ចុងឆ្នាំមុន។

គួរបញ្ជាក់ថា អំពើហិង្សាដោយកាំភ្លើង ហាក់មិនមែនជារឿងកម្រប៉ុន្មានឡើយ នៅក្នុងប្រទេសថៃ។ តួយ៉ាង កាលពីឆ្នាំ២០២២ អតីតមន្រ្តីប៉ូលិសម្នាក់ បានសម្លាប់មនុស្សសរុប៣៦នាក់ ក្នុងនោះ២២នាក់ជាកុមារ ក្នុងសកម្មភាពវាយប្រហារដោយប្រើកាំភ្លើងនិងកាំបិតដ៏សាហាវ នៅកន្លែងមើលថែទាំកុមារមួយកន្លែង នៅភាគខាងកើតប្រទេស។ ដោយឡែក កាលពីឆ្នាំ២០២០ ទាហានម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារចាប់តាំងពីបន្ទាយយោធា រហូតដល់ផ្សារទំនើប សម្លាប់មនុស្សសរុប២១នាក់ នៅទីក្រុង Nakhon Ratchasima៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close