ក្រុងបាងកក រងការវាយប្រហារដោយខ្យល់ពុល PM2.5 ក្នុងកម្រិតធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ
ក្រុងបាងកក ប្រទេសថៃ ត្រូវបានរាយការណ៍ទទួលរងការវាយប្រហារដោយខ្យល់ពុល PM2.5 ក្នុងកម្រិតធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ។ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ មានសេចក្តីរាយការណ៍ជាច្រើនពីការកើនឡើងកម្រិតខ្យល់ពុល PM2.5 នៅក្នុងក្រុងបាងកក ហើយសារក្រើនរំលឹកពីការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ផ្នែកសុខភាព ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ទៅកាន់ប្រជាពលរដ្ឋរស់នៅក្រុងបាងកកផងដែរ។
ភាគល្អិតនិចល ដែលគេហៅថា PM2.5 គឺជាភាគល្អិតក្នុងខ្យល់ដែលមានអង្កត់ផ្ចិតតូចជាង ឬស្មើ 2.5 មីក្រូម៉ែត្រ ដែលតូចជាងសក់មនុស្សប្រហែល៣០ដង។ ដោយសារតែវាតូចខ្លាំង ភាគល្អិតទាំងនេះអាចចូលជ្រៅទៅក្នុងសួត ហើយអាចច្រៀតចូលទៅក្នុងសរសៃឈាម បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស។

កម្រិតខ្យល់ពុល PM2.5 ត្រូវបានគេសិក្សារកឃើញថា បណ្តាលមកពីប្រភពចម្បងៗមួយចំនួនរួមមាន វិស័យដឹកជញ្ជូន, សកម្មភាពឧស្សាហកម្ម, ការដុតសំរាម និងសំណល់ដោយចំហរ, ការប្រើប្រាស់ថាមពលក្នុងគ្រួសារ និងកត្តាផ្សេងៗទៀត។
ក្នុងវិស័យដឹកជញ្ជូនផ្អែកលើទិន្នន័យឆ្នាំ២០២៣ បានបង្ហាញថា ប្រទេសថៃ មានយានយន្តដែលបានចុះបញ្ជីក្រោមច្បាប់ស្តីពីយានយន្តរួមមាន ម៉ូតូចំនួន ២២.៥លានគ្រឿង រថយន្តឯកជនចំនួន ១១.៨លានគ្រឿង រថយន្តដឹកទំនិញឯកជនចំនួន ៧.១លានគ្រឿង ត្រាក់ទ័រចំនួនជាង ៦៤ម៉ឺនគ្រឿង និងរថយន្តឯកជនចំនួនជិត ៤៥ម៉ឺនគ្រឿង។
សម្រាប់សកម្មភាពឧស្សាហកម្មវិញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ កាសែតបាងកកប៉ុស្តិ៍ ទើបនឹងធ្វើសេចក្តីរាយការណ៍ពីវិធានការរបស់នាយកដ្ឋានត្រួតពិនិត្យការបំពុល (PCD) បង្កើនការអនុវត្តច្បាប់ទូទាំងប្រទេសថៃ ដើម្បីទប់ស្កាត់ការបំពុលឧស្សាហកម្ម និងកាត់បន្ថយការបំភាយឧស្ម័ន PM2.5។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍បន្តដោយដកស្រង់សម្តីលោក Surin Worakijthamrong អគ្គនាយក PCD បានលើកឡើងថា រដ្ឋាភិបាលថៃ បានណែនាំឱ្យពង្រឹងវិធានការបង្ការ គ្រប់គ្រង និងត្រួតពិនិត្យចំពោះការបំភាយឧស្ម័ន PM2.5 ពីប្រភពសំខាន់ៗ រួមទាំងវិស័យកសិកម្ម ដឹកជញ្ជូន និងឧស្សាហកម្ម។ ក្នុងនោះរោងចក្រជាច្រើនប្រភេទបញ្ចេញភាគល្អិតចូលទៅក្នុងបរិយាកាស ហើយជាប្រភពបំពុលខ្យល់ PM2.5 យ៉ាងខ្លាំងក្លា។
តាមរយៈទិន្នន័យយានយន្តដែលបានលើកមកបង្ហាញ និងសម្តីមន្ត្រីជំនាញបានដកស្រង់មកផ្សាយនេះ វាគ្រប់គ្រាន់ណាស់ទៅហើយបង្ហាញថា កម្រិតខ្យល់ពុល PM2.5 ដ៏ធ្ងន់ធ្ងរនៅក្រុងបាងកក គឺបង្កឡើងដោយសកម្មភាពនានាដោយថៃខ្លួនឯង មិនគួរបៀមឈាមព្រួសដាក់កម្ពុជានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។