ដូណាល់ ត្រាំ ដាក់បញ្ជាឱ្យបញ្ចេញព័ត៌មាន មនុស្សក្រៅភព

កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា រូបលោកកំពុងដាក់បទបញ្ជាឱ្យបណ្តាស្ថាប័នសហព័ន្ធទាំងអស់ ចាប់ផ្តើមកំណត់ស្វែងរកហើយបញ្ចេញឯកសាររដ្ឋាភិបាលទាំងឡាយ ដែលពាក់ព័ន្ធជាមួយវត្ថុហោះហើរអាថ៌កំបាំង UFO ព្រមទាំងអេលៀន ខណៈវាគឺជាអ្វីដែលប្រជាជនអាមេរិកមួយចំនួន ចង់ឱ្យធ្វើជាយូរមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social យ៉ាងដូច្នេះថា «ដោយសារមានការបង្ហាញចំណាប់អារម្មណ៍​យ៉ាងធំសម្បើម ខ្ញុំនឹងបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងកិច្ចការសង្រ្គាម (ក្រសួងការពារជាតិ) រួមជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ចាប់ផ្តើមដំណើរការកំណត់ស្វែងរកនិងបញ្ចេញឯកសាររដ្ឋាភិបាលទាំងអស់ ដែលពាក់ព័ន្ធជាមួយអេលៀន ជិវិតក្រៅភព បាតុភូតដែនអាកាសចម្លែកៗ ឬហៅថា UAP ក៏ដូចជាវត្ថុហោះហើរអាថ៌កំបាំង ឬហៅថា UFO»។

ស្របពេលដែលលោកមិនបានបញ្ជាក់ឱ្យច្បាស់ថា តើឯកសារសម្ងាត់នឹងត្រូវបញ្ចេញជាសាធារណៈដែរឬអត់ឡើយ លោក ត្រាំ បានបន្ថែមថា ឯកសារទាំងនោះ គួរតែរួមបញ្ចូលព័ត៌មានដទៃទៀតទាំងអស់ ដែលមានជាប់ទាក់ទងជាមួយរឿងដ៏ស្មុគស្មាញ ប៉ុន្តែគួរឱ្យចាប់អារម្មណ៍និងសំខាន់ខ្លាំងមួយនេះ។ សម្រាប់ជំនឿរបស់លោកផ្ទាល់ ស្តីពីអេលៀន ឬជីវិតនៅក្រៅភព លោក ត្រាំ​ បាននិយាយថា រូបលោក​មិនច្បាស់ឡើយថា តើពួកវាមានមែនឬក៏យ៉ាងណា។

គួរបញ្ជាក់ថា មកទល់ពេលនេះ ពុំទាន់មានភស្តុតាងណាមួយ ដែលបង្ហាញពីវត្តមានភាវៈមានជីវិតឆ្លាតវៃ ក្រៅពីនៅភពផែនដីឡើយ។ ចំណាប់អារម្មណ៍ពាក់ព័ន្ធ UFO និង UAP បានលេចឡើងសាជាថ្មី អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលអាមេរិក បានស៉ើបអង្កេតលើសេចក្តីរាយការណ៍ជាច្រើន ស្តីពីការប្រទះឃើញវត្ថុចម្លែកៗនៅលើផ្ទៃអាកាស ចំពេលមានការព្រួយបារម្ភថា គូប្រជែងអាចលួចធ្វើតេស្តបច្ចេកវិទ្យាដែលទំនើបៗខ្លាំង។

កាលពីខែមីនា ឆ្នាំ២០២៤ មន្ទីរបញ្ចកោណបានបញ្ចេញរបាយការណ៍មួយ អះអាងថា ខ្លួនពុំមានភស្តុតាងដែលបង្ហាញថា UAP ឬ UFO គឺជាបច្ចេកវិទ្យាអេលៀននោះឡើយ ហើយការប្រទះឃើញវត្ថុសង្ស័យជាច្រើន ត្រូវបានផ្ទៀងផ្ទាត់ថា តាមពិតគឺគ្រាន់តែជាបាឡុងឧតុនិយម យន្តហោះស៉ើបការណ៍ ផ្កាយរណប ឬសកម្មភាពធម្មតាៗដទៃទៀតប៉ុណ្ណោះ៕

ប្រភព៖ Fresh News

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close