Apple ត្រៀមចេញ iPhone 18 Pro ពណ៌ «ក្រហមឆ្អៅ» ទាក់ទាញអ្នកប្រើប្រាស់
ស្របពេលដែល កំពុងត្រៀមបង្ហាញខ្លួន MacBook ជំនាន់ថ្មី និង iPhone 17e នាដើមខែមីនាខាងមុខនេះ ស្រាប់តែមានដំណឹងលេចធ្លាយមួយអំពីអនាគតទូរស័ព្ទកំពូល iPhone 18 Series។ នេះបើយោងតាមការចុះផ្សាយដោយ GSMArena នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

តាមរបាយការណ៍ពីលោក Mark Gurman អ្នកវិភាគដ៏ល្បីល្បាញមកពី Bloomberg បានឱ្យដឹងថា Apple កំពុងធ្វើតេស្តពណ៌ថ្មីសម្រាប់ iPhone 18 Pro គឺ «ពណ៌ក្រហមឆ្អៅ (Deep Red)»។ ពណ៌ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាពណ៌តំណាងដ៏លេចធ្លោបំផុតសម្រាប់ម៉ូដែលឆ្នាំ ២០២៦ ខាងមុខ។ ក្រៅពីពណ៌ក្រហម Apple ក៏អាចនឹងរក្សាទុកពណ៌ទឹកក្រូច (Cosmic Orange) ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្នផងដែរ។
ដោយឡែក សម្រាប់ទូរស័ព្ទអេក្រង់បត់ដំបូងគេរបស់ក្រុមហ៊ុនដែលគ្រប់គ្នាទន្ទឹងរង់ចាំ គឺ iPhone Fold ហាក់ដូចជាមិនមានជម្រើសពណ៌ស្រស់ឆើតឆាយនោះទេ។ យោងតាមប្រភពដដែល Apple ចង់ឱ្យ iPhone អេក្រង់បត់មានរូបរាងបែបថ្លៃថ្នូរ និងម៉ឺងម៉ាត់បំផុត ដូច្នេះវាអាចនឹងបង្ហាញខ្លួនតែ ២ ជម្រើសប៉ុណ្ណោះ គឺ ពណ៌ប្រផេះចាស់/ខ្មៅ និង ពណ៌ស/ប្រាក់។ ខណៈគេរំពឹងថា iPhone 18 Pro និង iPhone Fold នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ Apple៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។