រមណីយដ្ឋានភ្នំជីសូរ្យ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ

ឆ្លៀតឱកាសនៃព្រឹត្តិការណ៍ជិះកង់ «ភ្នំពេញ–តាកែវ» ចម្ងាយ ៧៨ គីឡូម៉ែត្រ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ខេត្តតាកែវ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង នៅរមណីយដ្ឋានភ្នំជីសូរ្យ ដែលជាតំបន់សក្តានុពលទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញឆ្លុះបញ្ជាំងនូវប្រាសាទបុរាណដែលមានកេរ្តិ៍ដំណែលវប្បធម៌ អរិយធម៌បេតិកភណ្ឌដ៏ល្អនៅខេត្តតាកែវ។

សូមជម្រាបជូនបន្ថែមថា រមណីយដ្ឋានភ្នំជីសូរ្យ មានរូបសម្រស់អមដោយទេសភាពបៃតងដ៏ស្រស់ត្រកាល និងខ្យល់អាកាសបរិសុទ្ធ ដែលមានទីតាំងសិ្ថតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។ ប្រាសាទភ្នំជីសូរ្យនេះទៀតសោត បានស្ថាបនាលើខ្នងភ្នំមួយមានកម្ពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដ៏សំខាន់ ហើយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close